ព័ត៌មានជាតិ

​ប្តីរបួសស្រាលប្រពន្ធ​របួសធ្ងន់ បន្ទាប់ពីត្រូវ​រថយន្តកុងតឺន័របើកកៀរ នៅផ្លូវជាតិលេខ៤!

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយក្បាលរថយន្តសណ្តោងទូកុងតឺន័រនិងម៉ូតូបណ្តាលឲ្យប្តីប្រពន្ធមួយគូ រងរបួសធ្ងន់ស្រាល បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​៣ និង ៤០នាទីរសៀល ថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ២០១៨ ដែលទីតាំងកើតហេតុស្ថិតនៅតាមបណ្តោយជាតិលេខ៤ ក្បែរនិងច្រកចូលសាលាសុវណ្ណភូមិ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ម៉ូតូដែលជាជនរងគ្រោះស៊េរី​ឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ​1GN-1005 បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនមធ្យមលុះមកដល់ចំណុចកើតហេតុក៏បានវ៉ាក់អើជាមួយម៉ូតូមួយគ្រឿងទៀតដែលដំណើរស្របទិសគ្នាក៏បានគេច។ ស្របពេលនោះក៍មានក្បាលរថយន្តសណ្តោងទូកុងតឺន័រ ពណ៌ក្រហមមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3D 8722 ដែលបើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របទិសក៏បានមកកៀរម៉ូតូជនរងគ្រោះបណ្តាលឲ្យដួលប្រពន្ធរងរបួសជើងធ្ងន់ ចំណែកប្តីរងរបួសស្រាល។

ក្រោយពេលកើតហេតុរថយន្តបង្កមិនបានឈប់ដោះស្រាយនោះទេបែជាខំបើករត់រហូតមកដល់ចំណុចរង្វង់មូលចោមចៅទើបធ្វើរការឃាត់ខ្លួនបានទាំងរថយន្តនិងតៃកុងតែម្តង។
ក្រោយពេលកើតហេតុតៃកុងរថយន្តត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ នាំខ្លួនរក្សារទុកនៅប៉ុស្តិ៍ ចំណែកជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះបន្ទាន់របស់អង្គភាពលេខ៧១១ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យ។

ចំណែកក្បាលរថយន្តបង្កនិងម៉ូតូរបស់ជនរងគ្រោះត្រូវបានកម្លាំងផ្នែកចរាចរណ៍ខណ្ឌធ្វើការវាស់វែងនិងរង់ចាំកម្លាំងជំនាញផ្នែកចរាចរណ៍ក្រុងយកទៅរក្សារទុកដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់