ព័ត៌មានជាតិ

​មន្រ្តីនគរបាលម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ​ត្រូវរថយន្តដឹកសាំងក្រុមហ៊ុនកម្ពុជាតេលា​ បុកស្លាប់យ៉ាងរន្ធត់!

តាកែវ: នៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍​រវាងរថយន្តនិងម៉ូតូ បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៨៤-៨៥ ក្នុងភូមិកំសី ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។​

នៅមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាកហុងដាគុបមូល C50 ពណ៌បៃតង គ្មាន​ស្លាកលេខ បើកបរដោយឈ្មោះ ណៃ គឹមហាច ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរនគរបាល នៅភូមិកំសី ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ (ស្លាប់នៅកន្លែងកើតហេតុ) ដែលបើកបរមកពីទិសខាងកើត លុះបើកបរមកដល់ចំណុចខាងលើក៏បានបត់ឆ្លងថ្នល់ទៅទិសខាងត្បូងរួចក៏ត្រូវរថយន្តមួយគ្រឿងម៉ាកអាំងទែ (រថយន្តដឹកសាំងក្រុមហ៊ុនកម្ពុជាតេលា) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-6739 មានសណ្តោងស៊ីទែន ពាក់ផ្លាកលេខ ភ្នំពេញ 4A-4197 (អ្នកបើកបរគេចខ្លួនបាត់)ដែលបើកបរមកពីទិសខាងលិចបុកបណ្តាលឲ្យស្លាប់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានចុះមកដល់រួចកសាងសំណុំរឿងទៅតាមនីតិវិធី ចំណែកឯសពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងរថយន្តនិងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕

មតិយោបល់