ព័ត៌មានជាតិ

បុរស​ម្នាក់ ​ក្រោក​ពី​ដេក​ដើរទៅ​បត់ជើង​មិន​ប្រយ័ត្ន ​ធ្លាក់​ពីលើ​ផ្ទះ​​ស្លាប់!

​កណ្ដាល: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាល បានឲ្យដឹងថា បុរស​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ បន្ទាប់​ពី​ក្រោក​ពី​ដេក​ រួច​ដើរទៅ​បត់ជើងតូច​មិន​ប្រយ័ត្ន​ បណ្ដាល​ឲ្យ​ធ្លាក់​ពីលើ​ផ្ទះបាយ​របស់​ខ្លួន​ដែល​មានកំ​ពស់​ប្រមាណ​ជាង​២​ម៉ែត្រ​ នៅ​វេលា​ម៉ោង​៤​និង​០៥​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​៨​ ខែធ្នូ​ ឆ្នាំ​២០១៨​ នៅ​ចំណុច​លើ​ផ្ទះ​ជន​រង​គ្រោះ​ស្ថិត​ក្នុងភូមិ​ទួល​ចាន់​ ឃុំ​លើក​ដែក​ ស្រុក​កោះធំ​ ខេត្តកណ្តាល​​។​

លោក​អនុសេនីយ៍ឯក​ អ៊ា​ល​ ជ្រុ​យ​ នាយ​ផ្នែក​កោសល្យ​វិ​ច័​យ​ស្រុក​កោះធំ ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ឆ​ន​ ថន​ ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ ​មុខរបរ​នេសាទ​ មាន​ទីលំនៅ​ភូមិ​ទួល​ចាន់​ ឃុំ​លើក​ដែក​ ស្រុក​កោះធំ​ ខេត្តកណ្តាល​​។​

លោក​ អ៊ា​ល​ ជ្រុ​យ​ បន្ដ​ថា​ យោង​តាម​ការ​ឆ្លើយ​បំភ្លឺ​របស់​ឈ្មោះ​ ពៅ​ យឿ​ន​ ត្រូវជា​ប្រពន្ធ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​កើតហេតុ​ប្ដី​របស់​គាត់​ជា​ជន​រង​គ្រោះ​បាន​ក្រោយ​ពី​ដំណេក​ រួច​ទៅ​បត់ជើងតូច​នៅ​តាក​រោង​បាយ​ខាងក្រោយ​ រីឯ​ស្ដ្រី​ជា​ប្រពន្ធ​ពុំ​ទាន់​ក្រោយ​ទេ​គឺ​នៅ​សំ​រាន​ក្នុង​មុង​ បន្តិច​ក្រោយមក​ ស្ដ្រី​ជា​ប្រពន្ធ​ក៏​ឮ​ស្នូរ​ដូច​ជា​មាន​ធ្លាក់​អ្វី​ ភ្លាម​នោះ​គាត់​ក៏​ស្ទុះ​ចេញពី​មុង​ដើរទៅ​មើល​ ស្រាប់តែ​ឃើញ​ប្តី​របស់​គាត់​ដេក​នៅ​នឹង​ដី​ចំ​រានហាល​រោង​បាយ​ ឃើញ​ដូច​នោះ​គាត់​ក៏​ចុះ​ទៅ​មើល​ប្តី​ ហើយ​សួរនាំ​ តែ​ប្តី​មិន​តបត​ទេ​ គ្រាន់តែ​ងើប​ក្បាល​និង​មាត់​ហបៗ​ ភ្លាម​នោះ​ស្ដ្រី​ជា​ប្រពន្ធ​ក៏​រឹត​ញី​ដើមទ្រូង​ឲ្យ​ប្តី​ តែ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ក៏​ដាច់ខ្យល់​ស្លាប់​ទៅ​ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជិតខាង​ និង​រាយការណ៍​ជូន​សមត្ថកិច្ច​ដើម្បី​ធ្វើការ​ពិនិត្យ​។​

ក្រោយ​ពី​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​ករណី​ខាងលើ​ ភ្លាម​នោះ​កម្លាំង​ជំនាញ​ស្រុក​ បាន​ចុះ​មក​កន្លែង​កើតហេតុ​ ដោយ​សហ​ការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ ,​អាជ្ញាធរ​មូលដ្ឋាន​ និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ រួច​ធ្វើការ​ពិនិត្យ​ឃើញ​ថា​៖​ ខ្លួន​ជន​រង​គ្រោះ​មាន​ប្រឡាក់​ភក់​ ក​.​ទន់​បង្វិល​បាន​ ក្រៅពី​នេះ​ពុំ​មាន​ស្លាក់ស្នាម​អ្វី​គួរឲ្យ​កត់សម្គាល់​ឡើយ​។

ដោយ​សន្និដ្ឋាន​ថា​ ជន​រង​គ្រោះ​ពិតជា​ធ្លាក់​ពីលើ​ផ្ទះ​ស្លាប់​ប្រាកដ​មែន​ ពុំ​មែន​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​អ្វី​ផ្សេង​ឡើយ​ ។​ ក្រោយ​ពី​ពិនិត្យ​រួច​ សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

មតិយោបល់