ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយ ពន្លះម៉ូតូសង់ ស្លាប់ប្រពន្ធ ប្តីរបួសស្រាល…

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តនិងម៉ូតូ បានបុកគ្នាពេញទំហឹង បណ្តាលឲ្យ២នាក់ប្តីប្រពន្ធ ប្តីរបួសស្រាល និងប្រពន្ធស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១និង១០នាទីរសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៧៤-៧៥ ក្នុងភូមិប្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាករណីនេះកើតឡើងរវាង រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-2518 បើកបរដោយឈ្មោះ ផាន ប្រុស ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិស្អាង ឃុំស្អាង ស្រុកដងទង់ ខេត្តកំពត (ឃាត់ខ្លួន) បានបុកជាមួយម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CQ-6197 បើកបរដោយឈ្មោះ ជ័យ សែន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិធ្យា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសស្រាល) ចំណែកប្រពន្ធឈ្មោះ ឆឹល សុខុម អាយុ៤៣ឆ្នាំ បានស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់