ព័ត៌មានជាតិ

រថយន្តលុចស៊ីស ES-300 បត់ឆ្លងផ្លូវ ត្រូវម៉ូតូបុកបណ្តាលឲ្យយុវជន ២នាក់រងរបួសធ្ងន់

ភ្នំពេញ: បុរសជនជាតិចិនម្នាក់ រួមដំណើរដោយស្ត្រីខ្មែរម្នាក់ទៀត បានបើករថយន្តមួយគ្រឿង បត់ឆ្វេងឆ្លងផ្លូវមិនប្រយ័ត្ន ក៏ត្រូវបានយុវជន ២នាក់ជិះម៉ូតូមួយគ្រឿង បុកចំផ្នែកមុខចំហៀងខាងស្តាំពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុប២០០៤ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី កែងនិងផ្លូវ២២០០៤ ក្នុងសង្កាត់ការកាប២ ខណ្ឌពោធិសែនជ័យ។

តាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការនេះ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ រួមដំណើរ និងស្រ្តីខ្មែរម្នាក់ទៀត បើករថយន្តលុចស៊ីសES-300មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2V-3495 ធ្វើដំណើរតាមបណ្តោយផ្លូវសហពន្ធ័រុស្សី ទិសដៅពីកើតទៅលិច លុះមកកែងនិងផ្លូវ២០០៤ ត្រង់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃបានបន្តិច ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរី០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង1L-9408 ជិះដោយយុវជនពីរ នាក់បញ្ច្រាសទិសដៅគ្នា ពីលិចទៅកើត បុកចំខាងមុខផ្នែកចំហៀងខាងស្តាំពេញទំហឹង បណ្តាលឲ្យជនរងគ្រោះទាំងពីរនាក់ ផ្លោងបោកនិងថ្នល់រងរបួសធ្ងន់ បន្ទាប់មកត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកម្ចាស់រថយន្តបង្ក មិនបានគេចខ្លួនទៅណានោះទេ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅនឹងកន្លែងកើតហេតុភាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះមកធ្វើកាវាស់វែង រួចយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់