ព័ត៌មានជាតិ

រថយន្តកូរ៉េដឹកប៊ីចេងបើកចេញពីដេប៉ូ ជ្រុលចង្កូតទៅបុករបាំងថ្ម បាក់អស់៣កង់ រួចបន្តទៅបុកខឿនផ្ទះប្រជាពលរដ្ឋ

ភ្នំពេញ: ក្មេងស្ទាវចំនួន៣នាក់ បានបើករថយន្តកូរ៉េឃ្លុប ដឹកប៊ីចេងមួយគ្រឿង ចេញពីដេប៉ូជ្រុលចង្កូត ទៅបុករបាំងថ្មចែកទ្រូងផ្លូវអស់៣កង់ រួចរថយន្តបង្ក បានបន្តបុកអូសរបាំងថ្មមួយកង់ រុញទៅផ្ទប់ខឿនផ្ទះប្រជាពលរដ្ឋ ទើបទៅមុខលេងរួច សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៧ និង១០នាទីយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៣៥៥ ខាងជើងអង់តែនទួលគោក ប្រមាណជា១០០ម៉ែត្រ ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញក្មេងស្ទាវ៣នាក់ បើករថយន្តកូរ៉េឃ្លុប ដឹកប៊ីចេងមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2O-0814 ចេញពីដេប៉ូមួយ នៅក្បែរកន្លែងកើតហេតុខាងលើ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុ បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវ បាក់អស់៣កង់ ចំណែកមួយកង់ ត្រូវបានរថយន្តបង្ក​បុកអូសទៅរុញផ្ទប់និងខឿនផ្ទះប្រជាពលរដ្ឋ រហូតទៅមុខលេងរួច។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់