ព័ត៌មានជាតិ

កុកភ្លេចជុង! ឆក់បានសម្រេច២ លើក កាលពី២ខែមុន ត្រូវសមត្ថកិច្ចស្រាវជ្រាវឃើញ ក្របួចជាប់ម្នាក់

ភ្នំពេញ: ជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពឆក់ទូរស័ព្ទ បានសម្រេច២ករណី រួចរត់គេចខ្លួនបាន២ខែ ក៏ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កាកាប១ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនបានម្នាក់ និងបក្ខពួកជិត១០នាក់ទៀត កំពុងសំងំលាក់ខ្លួន។

ការឃាត់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោង០៣ ទៀបភ្លឺឈានចូលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវ២០១១ មុខក្លឹបកម្សាន្តឌីស្កូ រីលេក្ស ក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ វុធ ពន្លឺ អាយុ២០ឆ្នាំ មុខរបរជាងប៉ះកង់ ស្នាក់នៅបន្ទប់ជួលភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួន នៅកន្លែងកើតហេតុខាងលើ ខណ:កំពុងអង្គុយលើម៉ូតូរបស់ខ្លួនម្នាក់ឯង ដោយកម្លាំងប៉ុស្តិ៍ បាននាំខ្លួនយកមកប៉ុស្តិ៍ ដើម្បីសួរនាំ។

ក្រោយពេលសួរនាំរួចហើយនោះ សង្ស័យបានសារភាពថា ពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទ បានសម្រេចចំនួន២ករណី និងបានទូរស័ព្ទដៃចំនួនពីរគ្រឿង ក្នុងអំឡុងកាលពីខែតុលា ឆ្នាំ២០១៨ពិតប្រាកដមែន រួមជាមួយបក្ខពួកចំនួន៥ម៉ូតូ មានគ្នាជិត១០នាក់ នៅចំណុចក្រោមស្ពានអាកាសទឹកថ្លា។

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនបន្តមកកាន់ផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមផ្លូវច្បាប់ ៕

មតិយោបល់