ព័ត៌មានជាតិ

រថយន្តដឹកបេតុងក្រុមហ៊ុន ជី ធាន បើកហោះឡើងសួនបុកបង្គោលភ្លើង ស្លាកសញ្ញាបាក់រាបដល់ដី

ភ្នំពេញ: រថយន្តដឹកបេតុងមួយគ្រឿងរបស់ក្រុមហ៊ុន ជី ធាន បើកលឿនជ្រុលហោះឡើងសួន ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ និងស្លាកសញ្ញាចរាចរណ៍ចំនួន២ បានបាក់រាបដល់ដី រីឯអ្នកបើកបរភ័យ មិនបង្អង់យូរ ខ្លាចប៉ូលិស ពលរដ្ឋចាប់ឃាត់បាន មានតែដោះស្បែកជើងរត់គេចបាតជើងសព្រាត ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវហាណូយ ទល់មុខសាលាបឋមសិក្សាភ្នំពេញថ្មី ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក MISTUBISI ពណ៌បៃតង ស ពាក់ស្លាកលេខ ភ្នំពេញ 5A-0220 របស់ក្រុមហ៊ុន ជី ធាន អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុភ្លាម មិនហ៊ាននៅឡើយ រត់គេចបាតជើងសព្រាត ។

តាមពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កបានបើកល្បឿលឿនពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ មានរថយន្តបើកឆ្លងកាត់ខាងមុខ ធ្វើឲ្យរថយន្តបង្ក មិនបានហ្វ្រាំង បង្អន់ល្បឿនឡើយ បែជាព្យាយាមបើកគេច ទើបជ្រុលហោះឡើងសួន ទៅបុកបង្គោលភ្លើង និងស្លាកសញ្ញា បាក់រាបដល់ដីរថយន្តរងខូចខាតដំណំ ។

ក្រោយកើតហេតុ រថយន្តខាងលើសមត្ថកិច្ចអូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំខាងក្រុមហ៊ុនចូលទៅដោះស្រាយពេលក្រោយ ៕

មតិយោបល់