ព័ត៌មានជាតិ

បាត់មួយសន្ទុះ ស្រាប់តែប្រទះឃើញសពអណ្ដែតទឹកក្នុងស្រះ បង្កឲ្យផ្អើលឆោទ្បោ

កណ្តាល: កាលពីវេលាម៉ោង ២ និង៣០ នាទីរសៀលថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០១៨ មានករណីមនុស្សលង់ទឹកស្លាប់ ត្រង់ចំណុចស្រះទឹក ភូមិព្រែកជ្រូក ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ជាង វណ្ណរ៉ា ភេទ ស្រី អាយុ ១៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះជាមនុស្សវិកលចរិត (ស្លាប់)។ ឪពុកឈ្មោះ ជឺន ជាង អាយុ៥០ ឆ្នាំ មុខរបរ កសិករ និងម្តាយឈ្មោះ ប៊ុត ស៊ីផន អាយុ ៤៥ ឆ្នាំ មុខរបរ កសិករ អ្នកទាំងបីនាក់ មានទីលំនៅភូមិឃុំកើតហេតុ។

សមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១ និង៣០នាទីរសៀល ជនរងគ្រោះ បានដើរចេញពីផ្ទះ ទៅលេងជាមួយក្មេងៗ ជិតខាងជាច្រើននាក់ នៅផ្ទះរបស់ឈ្មោះ ប៊ុត មុំ ភេទ ស្រី អាយុ ៥៣ ឆ្នាំ ត្រូវជាអ៊ុំរបស់ជនរងគ្រោះ ពេលក្មេងៗនាំគ្នាលេង ស្រាប់តែបាត់ជនរងគ្រោះ ទើបឈ្មោះ ប៊ុត មុំ ប្រើឲ្យកូនស្រីខ្លួនឈ្មោះ ហ៊ាង ស្រីនាង និងក្មេងៗជាបងប្អូន ឲ្យជួយដើររកជនរងគ្រោះ តែរកមិនឃើញ។ ដល់វេលាម៉ោង ២ និង៣០នាទីរសៀលថ្ងៃដដែល ឈ្មោះ ហ៊ាង ស្រីនាង ដើរទៅដល់ស្រះទឹកខាងជើងផ្ទះឈ្មោះ ប៊ុត មុំ ឃើញសពជនរងគ្រោះ អណ្តែតក្នុងទឹកស្រះ ចម្ងាយពីមាត់ស្រះបីម៉ែត្រ ឃើញដូច្នេះឈ្មោះ ហ៊ាង ស្រីនាង បានមកតាមហៅឈ្មោះ ប៊ុត មុំ និងឪពុកម្ដាយជនរងគ្រោះ ឲ្យមកជួយស្រង់ជនរងគ្រោះ ប៉ុន្តែជនរងគ្រោះ បានស្លាប់បាត់បង់ជីវិតទៅហើយ រួចក៏បានរាយការណ៍ជូនសមត្ថកិច្ច។

ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ចផ្នែកបច្ចេកទេសស្រុក សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ បានធ្វើការពិនិត្យសាកសពដោយហ្មត់ចត់ ពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់ទ្បើយ រួចក៏ប្រគល់សពជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់