ព័ត៌មានជាតិ

សមត្ថកិច្ចរកឃើញ ​បបែលក្រៀមមានសារធាតុគីមីហាមឃាត់ និងស្ពៃកំប៉ុង នំបាញ់ត្រាងក្រៀម​ខូចគុណភាព នៅផ្សារវាលយន្ត​ខេត្តស្វាយរៀង!

​ស្វាយរៀង: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨
មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយទទួលបានកិច្ចសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណ:កម្មការផ្សារ បានចុះប្រចាំការ និងត្រួតពិនិត្យទំនិញចំនួន ០៧ តូប ក្នុងផ្សារវាលយន្ត ខេត្តស្វាយរៀង គោលដៅសំខាន់នៃការត្រួតពិនិត្យគឺ ដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។

​ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញរកឃើញ ទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ ទំនិញខូចគុណភាព និងគ្មានស្លាកសញ្ញា មួយចំនួនដូចជា៖
– បបែលក្រៀម ចំនួន ៩ គីឡូក្រាម និងលតអង្ករ ចំនួន ៣ គីឡូក្រាម មានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់ (Borax)
– ស្ពៃកំប៉ុង ចំនួន ១២ កំប៉ុង ខូចគុណភាព
– នំបាញ់ត្រាងក្រៀម ចំនួន ៣០ គីឡូក្រាម គ្មានស្លាកសញ្ញាត្រឹមត្រូវ។

យោងលើលទ្ធផលនៃការត្រួតពិនិត្យខាងលើ មន្រ្តីកាំកុងត្រូល បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះមកកម្ទេចចោលភ្លាមៗ និងបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕

មតិយោបល់