ព័ត៌មានជាតិ

​នៅជាមួយគ្នា១ឆ្នាំជាង ខាងប្រុសបោក​យកលុយ៥០០ដុល្លារនិងខ្សែដៃ រត់ទៅបាត់២ឆ្នាំ ស្រាប់តែថ្ងៃនេះ ប្រទះឃើញនៅហាងកាហ្វេ ក្របួចកអាវទារលុយប្រតាយប្រតប់គ្នាផ្អើល

ភ្នំពេញ: ស្នេហ៍វ័យចំណាស់មួយគូ បន្ទាប់ពីពួកគេបានស្គាល់គ្នារយ:ពេលជាង៥ឆ្នាំ រហូតមានទំនាក់ទំនងស្នេហាជាមួយគ្នា និងបានរួមរស់នៅ ជាមួយគ្នាអស់រយ:ពេលជាង១ឆ្នាំ ប៉ុន្តែដោយសារការរស់នៅ មិនចុះសម្រុងនឹងគ្នា ក៏បានចែកផ្លូវគ្នាតែម្តង។ មិនតែប៉ុណ្ណោះខាងប្រុស ដែលជាគូ​ស្នេហាបានយកលុយខ្សែដៃផ្លាកទីន១ដំឡឹង និងលុយចំនួន៥០០ដុល្លារ ទៅបាត់ជាង២ឆ្នាំថែមទៀតផង រហូតមកដល់សព្វថ្ងៃ។
ស្រាប់តែថ្ងៃនេះ ស្ដ្រីជាគូស្នេហ៍ ក៏បានឃើញបុរសកំហូច ដែលជាអតីត:គូ​ស្នេហាដោយចៃដន្យ នៅក្នុងហាងកាហ្វេមួយកន្លែង ស្ថិតនៅមុខផ្សារពោធិ៍ចិនតុង ភ្លាមៗនោះ រូបនាងក៏បានស្ទុះទៅក្របួចកអាវ ដើម្បីទាលុយ និងខ្សែដៃនោះមកវិញ ធ្វើឲ្យមានការប្រតាយប្រតប់គ្នា ផ្អើលពេញហាងកាហ្វេ និងផ្សារពោធិ៍ចិនតុង និងត្រូវនាងប្រតាយបានសោរឡាន ចាក់ចំក្បាលអតីតគូរស្នេហាឈាមក្បាលថែមទៀតផង។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចហាងកាហ្វេ ទល់មុខផ្សារពោធិ៍ចិនតុង ក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពពត័មាន បានឲ្យដឹងថា បុរសរូបនោះ មានឈ្មោះ នុន ផល្លា អាយុ៤៨ឆ្នាំ មានស្រុកកំណើត នៅស្រុកស្វាយអន្ទោ ខេត្តស្វាយរៀង មានមុខរបររត់តាក់ស៊ី បច្ចុប្បន្នរស់នៅក្នុងបុរី «លឹម ឈាងហាក់» ក្នុងខណ្ឌដង្កោ។ ចំណែកខាងស្រ្តីឈ្មោះ ស៊ិន សុខជូរ អាយុ៤៣ឆ្នាំ មុខរបរលក់កាហ្វនៅផ្សារពោធិ៍ចិនតុង។

បើតាមសាមីខ្លួនស្ត្រី ឈ្មោះ ស៊ិន សុខជូរ បានឲ្យដឹងថា ដំណើររឿងនៅមុនពេលកើតហេតុ រូបនាងជាម្ចាស់ហាងលក់កាហ្វេ នៅក្នុងផ្សារពោធិ៍ចិនតុង ហើយបុរសឈ្មោះ នុន ផល្លា នោះជាម៉ូយផឹកកាហ្វេជាប្រចាំ ជារៀងរាល់ថ្ងៃ។

ស្រ្តីខាងលើ បានបន្តថា លុះដល់ក្រោយមក រយ:ពេល២ឆ្នាំ រូបនាង និងបុរសឈ្មោះ នុន ផល្លានោះ បានមានទំនាក់ទំនងស្នេហាជាមួយគ្នា អស់រយ:ពេលជាង១ឆ្នាំ រូបនាង និងបុរសកំណាន់ នុន ផល្លានោះ បានរស់នៅមិនចុះសម្រុងនឹងគ្នា ពួកគេក៏បានចែកផ្លូវគ្នាតែម្តង។

ស្រ្តីរូបនោះ បានបន្ថែមទៀតថា ក្រោយពេលរូបនាង និងបុរសជាអតីតគូ​ស្នេហ៍ បានយកខ្សែដៃផ្លាក់ទីន របស់នាង១ដំឡឹង និងលុយចំនួន៥០០ដុល្លារ ទៅជាមួយគេចខ្លួនបាត់ជាង២ឆ្នាំមកហើយ។ ខណ:មកដល់វេលា ម៉ោងកើតហេតុ រូបនាងបានឃើញបុរសកំហូច ដែលជាអតីតគូរស្នេហ៍ កំពុងអង្គុយផឹកកាហ្វេនៅមុខផ្សារពោធិ៍ចិនតុងធ្វើព្រងើយ។

ពេលនោះ រូបនាងបានចូលទៅក្របួចក្រអាវ ដើម្បីទាលុយ និងខ្សែដៃមកវិញ ទើបបានបង្កទៅជាការប្រតាយប្រតប់គ្នា ទៅមកបង្កឲ្យមានការភ្ញាក់ផ្អើល ពេញហាងកាហ្វេ ហើយបុរសនោះ បានទៅចាប់នាងជាប់ រួចនាងក៏បានប្រវេប្រវាចាប់បានសោ​ឡាន ចាក់ចំក្បាលអតីតគូរស្នេហ៍ចំក្បាល បណ្តាលឲ្យរងបួសស្រាល។ ភ្លាមៗនោះ នគរបាលប៉ុស្តិ៍កាកាប១ បានចុះទៅអន្តរាគមន៍ឃាត់ និងនាំពួកគេទាំង២ មកដោះស្រាយគ្នានៅប៉ុស្តិ៍តែម្តង។

ស្ត្រី​ខាងលើបានបន្តថា បុរសជាអតីតគូ​ស្នេហ៍ បានយកលុយ និងខ្សែដៃនាងរត់គេចខ្លួន ហើយនោះពេលនាងបានព្យាយាម ខលទៅទាមទាលុយ និងខ្សែដៃមកវិញ។ ប៉ុន្ដែបុរសនោះ បាននិយាយថា មិនសងនោះឡើយ ចង់ទៅប្តឹងណាប្ដឹងទៅ មិនតែប៉ុណ្ណោះថែមទាំងបានគំរាមកំហែង ដល់អាយុជីវិតនាងទៀងផង។

ដោយស្រ្តីខាងលើខ្ជិលវែងឆ្ងាយ ក៏បានព្រមព្រៀងយល់ព្រម មិនយកលុយ និងខ្សែនោះទេ តែឲ្យនគរបាលជួយធ្វើកិច្ចសន្យាទៅបុរសឈ្មោះ នុន ផល្លា ដើម្បីរក្សាការពារខ្លួន នៅពេលក្រោយពីការគំរាមកំហែង របស់អតីតគូរស្នេហ៍នោះទៀត៕

មតិយោបល់