ព័ត៌មានជាតិ

ឆក់គ្មានលុះថ្ងៃ! សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ឆក់​ទូរស័ព្ទ​ដៃ​ជន​បរទេស នៅខណ្ឌទួលគោក ​

ភ្នំពេញ: កម្លាំង​ព្រហ្ម​ទណ្ឌ​ក្រសួងមហាផ្ទៃ​​ បានជិះ​ប្រដេញ​ជនសង្ស័យ​ម្នាក់​ ដែល​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ ពី​ជនជាតិ​បរទេស​ម្នាក់​ បណ្ដាល​ឲ្យ​ជន​សង្ស័យ​ ភ័យ​ស្លន់ស្លោ​ក៏​ជិះ​រត់​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួនបាន​ កាល​ពី​វេលាម៉ោង​៨ និង៣០នាទី​យប់ថ្ងៃទី​១១​ ខែធ្នូ​ ឆ្នាំ​២០១៨​ ត្រង់ចំណុច​ផ្សារ​៧មករា​ តាមបណ្ដោយ​ផ្លូវលេខ​២៨៧កែង​ និង​ផ្លូវ​លេខ​៦១៤​ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​២​ ខណ្ឌ​ទួលគោក​។

តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុ បាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​យុវជន​ម្នាក់ ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ហុង​ដា​ស្កុបភី​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​1HH-9311 តាម​បណ្តោយផ្លូវ​លេខ​៦១៤​ ក្នុងទិស​ដៅ​ពី​លិច​ទៅ​កើត​ ក្នុង​ល្បឿន​យ៉ាង​ល្បឿន​ ទាំង​សភាព​ភ័យ​ស្លន់ស្លោ​និងមានកម្លាំង​សមត្ថកិច្ច​ ស្លៀកពាក់​ស៊ី​វិល ​និង​ឯកសណ្ឋាន​បួនទៅប្រាំម៉ូតូ បានជិះដេញ​តាមពី​ក្រោយ​ជន​សង្ស័យ​ខាង​លើ។

លុះមកដល់​ចំណុច​កើត​ហេតុ​ យុវជន​ម្នាក់​នេះ ​ក៏​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ ហៃលែនឌ័រ​ ពណ៌ទឹកប្រាក់​ ដែល​បើកបរ​តាម​បណ្ដោយ​ផ្លូវ​២៨៧​ ក្នុង​ទិសដៅ​ពី​ជើងទៅ​ត្បូង​ បណ្ដាល​ឲ្យរង​ការ​ខូចខាត​ក្រពឹតរថយន្ត​ផ្នែក​ខាងមុខ​ចំហៀង​ខាង​ស្តាំ​ ចំណែក​ម៉ូតូ​រងការខូចខាតបែកចង្កៀង​ផ្នែក​ខាង​មុខ​ ដោយ​ឡែក​យុវជន​ជាអ្នកបើក​បរ ​ក៏ត្រូ​វបាន​កម្លាំង​សមត្ថកិច្ច​ ធ្វើការ​ឃាត់​ខ្លួន​បាន។

ក្រោយ​ពេល​កើត​ហេតុ​ជនសង្ស័យ​ ​រួមទាំង​វត្ថុ​តាង​ត្រូវបានកម្លាំងសមត្ថកិច្ច​ព្រហ្ម​ទណ្ឌ​ក្រសួង​មហាផ្ទៃ ​នាំ​ខ្លួន​យក​ទៅ​សាក​សួរ​នាំ​ ដើម្បី​កសាង​សំណុំ​រឿង​ និង​ចាក់​ការ​ទៅ​តាម​នីតិវិធី​ច្បាប់​៕

មតិយោបល់