ព័ត៌មានជាតិ

​នាយឯកកងវិស្វកម្មក្រសួងការពារជាតិម្នាក់ បាញ់គំរាមបងធម៌ជាមន្រ្តីនគរបាល៣គ្រាប់ នៅខណ្ឌទួលគោក!

ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោកចាប់ឃាត់ខ្លួន ក្រោយមានការផ្ទុះអាវុធបាញ់គំរាមបងធម៌របស់ខ្លួន។ ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្ទះសំណាក់តារាពេជ្រម៉ូឌែន ផ្លូវលេខ ២៤១Z ក្រុមទី៣២ ភូមិ៧ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពីមន្ត្រីនគរបាល បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ាក សុវណ្ណគិរី ភេទប្រុស មុខរបរកងយោធពលខេមរភូមិន្ទ ឋារន្តរស័ក្តិ នាយឯកកងវិស្វកម្មក្រសួងការពារជាតិ ស្នាក់ផ្ទះលេខ ២៩Bz ផ្លូវលេខ២៦៥ ក្រុមទី ៣៥ភូមិ១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ (ត្រូវជាបងធម៌) ឈ្មោះ លន់ ស៊ីវថេង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនគបាល ស្នាក់នៅផ្ទះ៤៤ ផ្លូវ៣៤៨ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។ វត្ថុតាងចាប់យករួមមាន អាវុធខ្លី១ដើម ម៉ាក VOLTHER បង់ចំនួន១ មានគ្រាប់ចំនួន៤គ្រាប់ ម៉ូតូ១គ្រឿង ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HG-0552។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូមកផ្ទះសំណាក់ ដារាពេជ្រ ម៉ូឌែន ដើម្បីរកមិត្តភក្តិនៅបន្ទប់១០១ ប៉ុន្តែនៅពេលនោះជនសង្ស័យពុំទាន់បានឡើងទៅលើផ្ទះសំណាក់ទេ ក៏បានជួបបងធម៌ឈ្មោះ លន់ ស៊ីវថេង ដែលចុះមកពីលើផ្ទះសំណាក់ និងបានស្រែកដាក់ជនសង្ស័យថា ហេតុអីបានជាឈ្លើយដាក់ខ្លួន ព្រមទាំងវាយជនសង្ស័យជាច្រើនដៃ តែពេលនោះមានមិត្តភក្តិប្រុសស្រីមកជួយឃាត់។ ក្រោយមកជនសង្ស័យឈ្មោះ ប៉ាក សុវណ្ណគីរី ក៏បានជិះម៉ូតូចេញទៅផ្ទះយកអាវុធខ្លី ម៉ាក VOLTHER ដែលជារបស់ឪពុកដែលទុកក្នុងកាបូបនៅលើតុទទួលភ្ញៀវក្នុងផ្ទះ មកធ្វើសកម្មភាពបាញ់ផ្ជុចដីគំរាមបងធម៌ឈ្មោះ ស៊ីវ លន់ថេង ដែលបានវាយខ្លួនចំនួន៣គ្រាប់នៅមុខផ្ទះសំណាក់តារាពេជ្រម៉ូឌែន។ ក្រោយពេលផ្ទុះអាវុធជនសង្ស័យក៏បានគេចខ្លួន ប៉ុន្តែកម្លាំងអធិការដ្ឋានខណ្ឌទួលគោក ក៏បានធ្វើការស្រាវជ្រាវ និងបង្ក្រាបបានជនបង្កនៅមុខផ្ទះ២៩BZ ផ្លូវ២៦៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មកកាន់អធិការដ្ឋាន។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕​

មតិយោបល់