ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាក បើកបុកម៉ូតូពីក្រោយ ស្លាប់បុរសម្នាក់នៅនឹងកន្លែង ហើយរត់បាត់ស្រមោល

ភ្នំពេញ: រថយន្តមិនចាំម៉ាកមួយគ្រឿង បើកបោះពួយយ៉ាងលឿនជ្រុលចង្កូតទៅម៉ូតូមួយគ្រឿងជិះដោយបុរសម្នាក់ចំពីក្រោយពេញទំហឹង បណ្តាលឲ្យ ស្លាប់បាត់បង់ជីវិតភ្លាមៗ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចមុខការ៉ាស់សាំងតេលា (ភួង សុគន្ធារី ) ក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមសម្តីបងស្រីម្នាក់ដែលត្រូវជាសាច់ញាតិបានប្រាប់ឲ្យដឹងថាជនរងគ្រោះ(សព) មានឈ្មោះ សយ សុខវឿន អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកដើរគប់ជេដី មានស្រុកកំណើតនៅភូមិកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើហេតុគេឃើញបុរសម្នាក់បានជិះម៉ូតូឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1E-3822 តាមបណ្តោយផ្លូវកប់ស្រូវ ទិសដៅពីកើតទៅលិចក្នុងល្បឿនធម្មតា លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាក បើកមកពីក្រោយយ៉ាងលឿនបានរេចង្កូតបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះកំពុងជិះម៉ូតូប៉ើងទៅលើចិញ្ចើមផ្លូវបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ចំណែកម៉ូតូរបស់ជនរងគ្រោះដាច់កន្ទុយខាងក្រោយ ។ រីឯរថយន្តបង្កមិនឈប់ទទួលខុសត្រូវនោះទេបានបន្ថែមល្បឿន បើករត់គេចបាត់ស្រមោល។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុក៏បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌព្រែកព្នៅ ចុះមកវាស់វែងយកម៉ូតូទៅទុកនៅអធិការដ្ឋានខណ្ឌព្រែកព្នៅ។ ចំណែកសាកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើត៕

មតិយោបល់