ព័ត៌មានជាតិ

ចោរអស់លក្ខណ៍ លួច​ដែក​ក្នុង​ដេប៉ូ​លក់​គ្រឿង​សំណង់​យីហោ​ ដេប៉ូ​ មុន្នី​២ ​ត្រូវ​សមត្ថកិច្ច​ចាប់ឃាត់​ខ្លួន

ភ្នំពេញ: ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ឃាត់​ខ្លួន ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ដែក​​ជាច្រើន​ដើម​ពី​ក្នុង​ដេប៉ូ​លក់​គ្រឿង​សំណង់​មួយ​កន្លែង​ ខណ:​ដែល​ម្ចាស់​គេ​មិន​នៅ​។

ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាលពីវេលា​ម៉ោង​៨និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០១៨​ត្រង់ចំណុច​ដេប៉ូ​លក់​គ្រឿង​សំណង់​យីហោ​ ដេប៉ូ​ មុន្នី​២​ ដែល​នៅ​តាម​បណ្ដោយ​ផ្លូវ​ហាណូយ​ ស្ថិត​ក្នុង​សង្កាត់​ឃ្មួញ​ ខណ្ឌ​សែនសុខ​។

ជនសង្ស័យ​មាន​ឈ្មោះ​ មន​ ពេជ្រ​ ភេទប្រុស​ អាយុ​២៧ឆ្នាំ​ មុន​របរ​មិន​ពិត​ប្រាកដ​ ស្នាក់នៅបន្ទប់ជួល​ ក្នុង​សង្កាត់​ឃ្មួញ​ ខណ្ឌ​សែនសុខ​។

តាម​សម្តី​ពីបុរសម្នាក់​ឈ្មោះ​ បៀន​ មុន្នី​ អាយុ​៥៦ឆ្នាំ​ ជាម្ចាស់ដេប៉ូ​កើត​ហេតុ​ខាងលើបាន​ឲ្យ​ដឹង​ថា​ ជារៀង​រាល់យប់គាត់​ជាអ្នកសម្រាក​នៅក្នុង​ដេប៉ូកើតហេតុខាងលើដើម្បីមើលការខុសត្រូវ​។ ប៉ុន្តែ​ដោយឡែក​យប់ថ្ងៃកើត​ហេតុ​ គាត់​​បានចាក់សោ​ទ្វារដេប៉ូរបស់គាត់ខាងលើហើយ​ចេញទៅសម្រាកនៅផ្ទះរបស់គាត់​ជាមួយនិងគ្រួសារ ដែលស្ថិត​ក្នុង​ភូមិ​ដីថ្មី​ សង្កាត់​គោក​ឃ្លាង​ ខណ្ឌសែនសុខ​ ដោយមិនបានសម្រាកនៅក្នុងដេប៉ូខាងលើដូច​សព្វដងនោះទេ។

លុះមុនពេលកើតហេតុ​គាត់​បាន​ឆែក​កាមេរ៉ា​សុវត្ថិភាព​ពី​ផ្ទះ​របស់គាត់ក្នុងទូរ​ស័ព្ទ​ដៃ​ ដែល​គាត់បំពាក់នៅដេប៉ូ​ខាងលើដើម្បីមើលសុវិត្ថភាព​ជុំវិញដេប៉ូ​។ ខណ:ពេលនោះ​ក៏ស្រាប់​តែប្រទះ​ឃើញ​ជនសង្ស័យ​ខាងលើជិះម៉ូតូមួយគ្រឿងម៉ាកគុបជ្រុង​ ពណ៌ខៀវ​ ពាក់ស្លាកលេខ​ ញ៩៣៤៧​ ភព១​ ទៅឈប់នៅធ្វើសកម្មភាព​លូនចូល​តាម​ខាងក្រោម​ទ្វារ​ឃ្លាំង​ ចូល​ទៅលួចយក​ដែក​សរសៃ​ពីខាងក្នុងឃ្លាំង​ដេប៉ូ​សំណង់​ខាងលើយកមកខាងលើបានជាច្រើន​សរសៃ​ គឺប្រមាណជិតមួយតោន។ ភ្លាមៗ​នោះ​គាក៏បានរាយ​ការណ៍​ជូន​សមត្ថកិច្ច​មូល​ដ្ឋាន​ចុះ​ទៅ​អន្តរាគមន៍​ចាប់ឃាត់​ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្តង។

ក្រោយ​ពេល​កើត​ហេតុ​ជនសង្ស័យ​ខាងលើ​រួម​ទាំង​វត្ថុ​តាង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​សាក​សួរ​នាំ​នៅ​ឯ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ​ដើម្បី​កសាងសំណុំ​រឿង​រងចាំ​ធ្វើការ​ចាត់ការទៅតាម​នីតិវិធី​ច្បាប់​ជាបន្ត​ទៀត​៕​

មតិយោបល់