ព័ត៌មានជាតិ

សង្ស័យរឿងគំនុំ! បុរស​ម្នាក់ ត្រូវគេដេញតាមចាក់នឹងកាំបិត របួសធ្ងន់ដោយមិនដឹងមូលហេតុ..

ភ្នំពេញ: ​ បុរស​ម្នាក់បានរងរបួសពេញខ្លួន បន្ទាប់ពីមានជនមិនស្គាល់មុខមួយក្រុម ជិះម៉ូតូកាន់កូនកាំបិតដេញតាមចាក់​ប្រហារ​ រួចជិះ​គេចខ្លួន​បាន​បាត់​សម្រោល​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើលកាលពីវេលាម៉ោង៩និង​៥០នាទី​យប់​ ថ្ងៃ​ទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០១៨ត្រង់ចំណុច​ខាងមុខហាងផឹកស៊ី​យីហោ​ ផ្ទះ​ផាតធី​ តាមបណ្តោយផ្លូវ​២៦១​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​១​ ខណ្ឌ​ទួលគោក​។

តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុបាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើត​គេឃើញ​បុរសរងគ្រោះ​ខាងលើដែលមានវ័យប្រហែល៣០ឆ្នាំ​ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ ហុងដាឌ្រីម​ ស៊េរី​០១៧​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​1GD-0070​ ដោយធ្វើដំណើរតាម​បណ្តោយផ្លូវ​២៦១​ ក្នុងទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។ លុះមកដល់​ចំណុច​កើត​ហេតុ​ក៏​ស្រាប់តែមាន​ជនមិន​ស្គាល់​មុខ​មួយ​ក្រុម​មានគ្នា៣នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មិនចាំ​ម៉ាក​មក​ពីក្រោយ​ ហើយជនមិន​ស្គាល់​មុខ​មួយ​ក្រុម​នោះក៏​បាន​ធ្វើសកម្មភាពយកកូនកាំបិត​ចាក់​ប្រហារ​ទៅលើបុរសរងគ្រោះ​បណ្តាល​ឲ្យ​រង​របួស​ចំដៃ និងដងខ្លួន​ផ្នែក​ខាងឆ្វេង​ជាច្រើន​កន្លែង​ ដោយមិន​ដឹង​មូល​ហេតុ បង្កការ​ភ្ញាក់​ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំគ្នាឆោឡោចេញមកមើល​ ភ្លាមៗ​នោះក្រុមជន​មិនស្គាល់​មុខ​ខាងលើក៏​បាន​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​បាត់​ស្រមោល​ដោយ​សុវត្ថិភាព​។

ក្រោយ​ពេល​កើត​ហេតុ​បុរសរងគ្រោះ​ខាងលើ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​កាល់​ម៉ែត។​ ដោយឡែកម៉ូតូ​របស់​ជនរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ទឹកល្អក់​ទី​១​ ដើម្បីរង់​ចាំ​ប្រគល់​ទៅ​សាច់ញាតិ​ជន​រងគ្រោះ​វិញ​នៅពេល​ក្រោយ​។ ចំពោះ​ករណី​ខាងលើ​គឺ​មិន​មាន​ប្រភព​ណាមួយបញ្ជាក់​ថា​បណ្តាល​មកពី​មូល​ហេតុ​អ្វី​នោះទេ​ ប៉ុន្តែ​សង្ស័យ​ថាបណ្តាលមកពីរឿង​គំនុំ​៕

មតិយោបល់