ព័ត៌មានជាតិ

ឆក់ទូរសព្ទ​ដៃ​បាន​សម្រេច ស៊យត្រង់រត់​មិន​រួច..

ភ្នំពេញ: ជនសង្ស័យ​ម្នាក់ត្រូវបានប្រជាពលរដ្ឋ​ចាប់ឃាត់ខ្លួនប្រគល់ទៅ​ឲ្យ​សមត្ថកិច្ច​បន្ទាប់​ពីធ្វើសកម្មភាពឆក់ទូរ​សព្ទ​ដៃ​ពីបុរសម្នាក់​បានសម្រេច ​ព្យាយាម​ជិះ​រត់​គេច​ខ្លួន​ តែ​ត្រូវ​ជនរងគ្រោះ​ជិះ​ដេញ​តាម​និង​ចាប់ឃាត់ខ្លួនបាន​ បង្កការ​ភ្ញាក់ផ្អើល​កាល​ពី​វេលាម៉ោង​៩និង១០នាទី​យប់​ ថ្ងៃទី​១៤​ ខែធ្នូ​ ឆ្នាំ​២០១៨​ ត្រង់ចំណុច​ខាងមុខ​ស្ថានីយ​ប្រេង​ឥន្ធន:​ តូតាល់​ តាមបណ្តោយផ្លូវ​២០០៤​ ស្ថិត​ក្នុង​សង្កាត់​អូរបែក​ក្អម​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ។

ជនសង្ស័យ​ខាងលើ​មាន​ឈ្មោះ​ ហួន​ សិទ្ធិ​ ភេទ​ប្រុស​ អាយុ​១៨ឆ្នាំ​ មុខរបរ​មិនពិតប្រាកដ​ ស្នាក់នៅ​សង្កាត់​បឹងសាឡាង​ ខណ្ឌ​ទួល​គោក​។

តាមប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើត​ហេតុ​ជន​សង្ស័យ​ខាងលើបាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ ហុងដាស្កុបពី ពណ៌ខៀវ​លាយ​ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1GS-2257 តាមបណ្តោយផ្លូវ​២០០៤​ ក្នុងទិស​ដៅ​មកពី​ស្តុប​ផ្សារ​សេនជូរី​ឆ្ពោះទៅស្តុបណូគា។ លុះមកចំណុច​ខាង​ត្បូងស្តុបផ្សារសេនជូរី​ប្រមាណ​៥០ម៉ែត្រ​ តាមបណ្ដោយ​ផ្លូវ​២០០៤​ ស្ថិតក្នុងសង្កាត់​កាកាប​ទី​១​ ខណ្ឌ​ពោធិ៍​សែនជ័យ​ ជនសង្ស័យ​ខាងក៏​បាន​ធ្វើសកម្ម​ភាព​ឆក់ទូរ​សព្ទ​ដៃ​មួយគ្រឿងម៉ាក​អាយហ្វូន​ ពីបុរសម្នាក់​មិនស្គាល់​អត្តសញ្ញាណ​ដែល​ជិះម៉ូតូ​បណ្តើរ​កាន់​ទូរសព្ទ​និយាយ​បណ្តើរ បានសម្រេច​។ ភ្លាមៗនោះ​ជនសង្ស័យ​ខាងលើ​ ក៏បាន​ព្យាយាម​ជិះ​រត់​គេច​ខ្លួន​ ហើយក៏ត្រូវជនរងគ្រោះ​ជិះម៉ូតូ​ដេញតាមពីក្រោយ​និងស្រែកឆោឡោរហូត​ មកដល់ចំណុចកើត​ហេតុ​ដោយ​ជន​សង្ស័យ​ខាងលើ​ភ័យ​ស្លន់ស្លោ​ពេក​ក៏​ជិះ​ម៉ូតូ​ទៅ​បុក​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ ត្រូវ​បុរស​ជាជនរងគ្រោះ​និងប្រជាពលរដ្ឋ​ដែល​ក្បែរ​នោះចាប់បាន​និងស្វាគមន៍​ម្នាក់មួយ​ដៃ​មួយជើង​បណ្តាល​ឲ្យ​ទ្រោម​ខ្លួន​ បន្ទាប់​មក​បុរស​ដែល​ជាជនរងគ្រោះ​ខាងលើបាន​យកទូរ​សព្ទ​ដៃ​របស់​ខ្លួន​ពី​ជនសង្ស័យ​ត្រឡប់​ទៅ​វិញ​ រួច​ជិះ​ម៉ូតូ​ចេញ​ពី​កន្លែង​កើត​ហេតុ​បាត់ទៅ​។

នៅចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ខាងលើ​ក៏បាន​ឆ្លើយ​សារភាព​ថា​ខ្លួន​ពិត​ជា​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរសព្ទ​ដៃ​ពី​ជន​រងគ្រោះ​ខាងលើ​ពិត​ប្រាកដ​មែន​ ហើយកន្លងមក​រូប​គេ​ក៏ធ្លាប់ធ្វើសកម្មភាព​ឆក់​ទូរសព្ទ​ដៃ​ពីប្រ​ជាពលរដ្ឋ​ដែល​ធ្វើដំណើរ នៅខាងមុខ​វិទ្យាល័យ​សន្ធរម៉ុក​ម្តង​ដែល​តែមិន​បាន​សម្រេច​ប៉ុន្តែ​ជិះ​រត់​គេច​ខ្លួន​រួច​។

ក្រោយ​ពេល​កើត​ហេតុ​ ជនសង្ស័យ​ខាងលើ​រួមទាំង​វត្ថុ​តាំង​ត្រូវ​បាន​សមត្ថកិច្ច​មូល​ដ្ឋាន​នាំយក​ទៅសាកសួរនាំនៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​អូរបែក​ក្អម​​និងកសាង​សំណុំ​រឿង​បញ្ជូន​ខ្លួន​ទៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ​ដើម្បី​រង់ចាំ​ធ្វើ​ការ​ចាត់ការទៅតាម​នីតិវិធី​ច្បាប់​ជាបន្ត​ទៀត​ ៕

មតិយោបល់