ព័ត៌មានជាតិ

កុំចេះតែហ៊ាន! ទៅរាំធុងបាស់ ដាក់កាំបិតបុង័តោនិងកាំបិតកែច្នៃទុកកាពារខ្លួន ពេលនេះចូលទៅការពារខ្លួនក្នុងគុក

បន្ទាយមានជ័យ: ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១២និង ១៥នាទីយប់ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការបង្រ្កាបករណី ផលិត និងចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ នៅចំណុចភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានដឹកនាំកម្លាំងអាវុធហត្ថក្រុង ចុះល្បាតរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ក្នុងភូមិសាស្រ្តក្រុង បានឃើញក្មេងមួយក្រុមមានគ្នាចំនួន ០៤នាក់ កំពុងជិះម៉ូតូ ០២គ្រឿង ជ្រេចុះជ្រេឡើង ក៏ហៅមកសាកសួរ និងធ្វើការឆែកឆេររកឃើញមាន កាំបិតបុង័តោ០១ដើម និងកាំបិតកែច្នៃ០១ដើម លាក់នៅក្នុងឃ្លុបម៉ូតូ និងបានធ្វើការឃាត់ខ្លួន ដើម្បីយកមកសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង រួមមាន ៖ ១-ឈ្មោះ ចាន់ ង៉ា ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន២ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ២-ឈ្មោះ សែម វង្ស ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ៣-ឈ្មោះ សៅ ណែត ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ៤-ឈ្មោះ ហេង មករា ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅ ភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ បន្ទាប់ពីធ្វើការឃាត់ខ្លួន និងទទួលបានចម្លើយសារភាពរបស់ជនសង្ស័យខាងលើ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។

ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

បន្ទាប់ពីកម្លាំងជំនាញធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ៖ នៅយប់កើតហេតុ ក្រុមខ្លួនបានជិះម៉ូតូទៅមើលគេរាំធុងបាស់ ពេលត្រឡប់មកវិញក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ចំណែកកាំបិត គឺយកមកសម្រាប់ការពារខ្លួន ។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងយោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ផលិត និងចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗ ។

បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់