ព័ត៌មានជាតិ

កុំចេះតែហ៊ាន! មន្រ្តីនគរ​បាល​សេដ្ឋកិច្ច​ម្នាក់ ​លួច​មាន​ប្រពន្ធ​ចុង​ ក្លាយជាហិង្សា….

ភ្នំពេញ: មន្រ្តីនគរបាល​សេដ្ឋកិច្ច​ម្នាក់ ​លួច​មាន​ប្រពន្ធ​ចុង​ បែកការណ៍ត្រូវប្រពន្ធដឹង ស្រាប់តែប្រើហិង្សា វាយដំ​ប្រពន្ធ​និង​កូន បណ្ដាល​ឲ្យរបួស​យ៉ាងដំណំ កាលពី​វេលា​ម៉ោងជាង១០ យប់ថ្ងៃ​ទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ នៅ​ចំណុច​ម្ដុំ​ផ្ទះល្វែង ផ្លូវលំ សង្កាត់​ចោមចៅ​ទី១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ជា​ប្រពន្ធ​ដើម​ បាន​និយាយ​ថា​ ប្ដី​ដែល​វាយ​ខ្លួន​នោះ ​មានឈ្មោះ ហុក ម៉ាប់ ជា​មន្ត្រីនគរបាល​សេដ្ឋកិច្ច (ឋានន្តរស័ក្ដិ​អនុសេនីយ៍ឯក) ដែលមាន​ទីលំនៅ​ផ្ទះ​១២M ផ្លូវលំ សង្កាត់​ចោមចៅ​ទី១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ប្រភព​ដដែល​បានបន្តថា​ ខ្លួន​និង​កូន បាន​មកដាក់ពាក្យ​ប្ដឹងនគរបាល​ប៉ុស្តិ៍ចោមចៅ​ទី១ ក្រោយកើតហេតុ។ ដោយរៀបរាប់ថា ប្ដីគាត់ បានយក​ក្ដារ​ឈើ វាយគាត់ និងកូន បណ្ដាល​ឲ្យ​រងរបួស​ជា​ច្រើនកន្លែង។

មូល​ហេតុដោយសារ ​បុរសខាងលើ ​​លួច​មាន​ប្រពន្ធចុង ​ជា​យូរណាស់​មកហើយ លុះ​ពេលប្រពន្ធ​​សួរនាំ ក៏រករឿង និង​ឈ្លោះប្រកែក​គ្នា ទើប​ឈានដល់​ប្រើ​អំពើហិង្សាបែបនេះ។

តាម​ប្រភព​ព័ត៌មាន​ពី​កូន​ស្រី ​របស់​បុរសខាងលើ ​បាន​ឲ្យ​ដឹង​ដឹង​ថា​ ព្រោះតែ​ទ្រាំ​នឹង​ទង្វើ​​ឪពុកធ្វើលើខ្លួន និងម្ដាយមិនបាន ទើប​នៅ​ព្រឹក​ថ្ងៃ​ទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ ខ្លួន ​និង​ម្ដាយ​ដែលជា​ប្រពន្ធដើម បានសម្រេច​ចិត្ត​មក​ដាក់ពាក្យ​ប្ដឹង​នៅ​ស្នាក់ការ​ប៉ុស្តិ៍នគរបាល​ចោមចៅ​ទី១ ដើម្បី​ឲ្យ​សមត្ថកិច្ច ជួយ​រក​យុត្តិធម៌ជូន៕

មតិយោបល់