ព័ត៌មានជាតិ

ភេសជ្ជៈផុតកំណត់រយៈពេលប្រើប្រាស់ប្រមាណ ១៩៣ គីឡូក្រាម ត្រូវសមត្ថកិច្ចដុតកម្ទេចចោល

មណ្ឌលគិរី: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តមណ្ឌលគិរី ដោយមានការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាព ម្ហូបអាហារ ដែលដាក់លក់តាមផ្ទះនៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ក្នុងសកម្មភាពត្រួតពិនិត្យ មន្រ្តីកាំកុងត្រូល បានធ្វើវិភាគបឋម ទៅលើបន្លែ-ផ្លែឈើមួយចំនួន ដើម្បីរកវត្តមានសារធាតុគីមីហាមឃាត់, រកវត្តមានសារធាតុអ៊ីយ៉ូដ លើផលិតផលអំបិល និងបានត្រួតពិនិត្យភាពអនុលោមលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារមួយចំនួនផងដែរ ។

ជាលទ្ធផល ពុំបានរកឃើញសារធាតុគីមីហាមឃាត់លើគំរូបន្លែ-ផ្លែឈើដែលបានធ្វើវិភាគទេ ហើយអំបិលដែលដាក់លក់មានជាតិយ៉ូដត្រឹមត្រូវតាមកម្រិតកំណត់ ។

ក្នុងឱកាសនោះ មន្ត្រីជំនាញបានរកឃើញភេសជ្ជ:ចម្រុះចំនួន ១៩៣ គីឡូក្រាម ដែលផុតកំណត់រយ:ពេលប្រើប្រាស់ និងបានធ្វើកំណត់ហេតុដកហូតយកទៅដុតកម្ទេចចោលភ្លាមៗ នៅការិយាល័យពាណិជ្ជកម្មស្រុកពេជ្រាដា។ ជាមួយគ្នានោះ មន្រ្តីកាំកុងត្រូលបានណែនាំឲ្យម្ចាស់ទំនិញ ជាប្រចាំត្រូវពិនិត្យ និងរៀបចំ ដាក់តាំងលក់ផលិតផលរបស់ខ្លួន ឲ្យបានត្រឹមត្រូវ ជៀសវាងការដាក់តាំងលក់ផលិតផលផុតកំណត់រយ:ពេលប្រើប្រាស់ ឬដាក់លក់ក្រោមកម្ដៅថ្ងៃ ដែលធ្វើឲ្យផលិតផលទាំងនោះខូចគុណភាព ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕

មតិយោបល់