ព័ត៌មានជាតិ

រថយន្តឡិចស៊ីសស្លាកលេខ​ ភ្នំពេញ​2AC-6807​ កម៉ូតូ១គ្រឿង ជ្រុលទៅបុកខឿនសួនច្បារការ៉ាស់សាំងតូតាល់ និងហាងកាហ្វេ«ធីមកាហ្វេ»

ភ្នំពេញ: បុរសម្នាក់សង្ស័យ​ស្រវឹង​ស្រា​ បានបើក​រថយន្ត​មួយ​ក្នុងល្បឿនយ៉ាងលឿន​ ដោយ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​និង​ម៉ូតូ​មួយគ្រឿង​បណ្តាល​រងរបួស​២​នាក់​ ហើយរថយន្តបានបង្កបានបន្តទៅបុក​ខឿន​សួនច្បារ​របស់​ស្ថានីយ​ប្រេង​ឥន្ធន:​ និង​ស្លាក​ប៉ាន់ណូ​ហាង​កាហ្វេ​ដែលនៅក្បែរ​នោះ​បន្ថែម កាលពីវេលា​ម៉ោង​១២​និង​៥០នាទី​រំលង​អធ្រាត្រ​ឈានចូលថ្ងៃទី​១៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ត្រង់ចំណុច​ស្តុប​ច្រក​ចូល​ផ្សារ​ទំនើប​អ៊ី​អន​ទី២​ តាមបណ្ដោយ​ផ្លូវ​ឧកញ៉ាម៉ុងរិទ្ធី​ កែងនិងផ្លូវ​១០០៣​ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុបាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​ម្នាក់បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ហុងដាឌ្រីម​ ស៊េរី​០១៦​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1C-4654 និងស្ត្រី​ម្នាក់​ទៀត​រួមដំណើរ​ពីក្រោយ​តាមបណ្ដោយ​ផ្លូវ​១០០៣​ ក្នុងទិស​ដៅ​ត្បូង​ទៅ​ជើង​។ លុះមកដល់​ចំណុចកើត​ហេតុ​ក៏​បានបើកឆ្លង​កាត់​ផ្លូវ​ឧកញ៉ាម៉ុងរិទ្ធី​ ខណ:ដែល​ឆ្លងបានពាក់កណ្តាលផ្លូវ​ក៏ស្រាប់​តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ ឡិចស៊ីស​RX330 ពណ៌​កាប់ស៊្តាំង​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AC-6807 បើកបរដោយ​បុរស​ម្នាក់​ តាមបណ្តោយផ្លូវ​ឧកញ៉ា​ម៉ុងរិទ្ធី​ ក្នុង​ទិសដៅ​ពី​លិចទៅកើត​ និងក្នុង​ល្បឿនយ៉ាង​លឿន​ដូចហោះ​ ដោយ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ខាងលើ​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​ម៉ូតូ​ខ្ទាត​ផ្លោង​ជាង១០ម៉ែត្រ​ រងការខូចខាតយ៉ាងដំណំ​។ ចំណែកឯ​អ្នក​បើកបរ​រង​របួស​បែក​ប្រអប់​ជើងខាងស្តាំ​ រីឯអ្នក​រួមដំណើរពីក្រោយរងរបួស​បាក់ភ្លៅខាង​ឆ្វេង​ ហើយរថយន្ត​នៅមិនទាន់​អស់​ល្បឿន​បន្ត​ជ្រុល​ទៅ​បុក​ខឿន​សួនច្បារ​និង​ស្លាក​ទិសសញ្ញារបស់ស្ថានីយ​ប្រេង​ឥន្ធន:​ តូតាល់​ដែលនៅក្បែរ​នោះ​រង​ការ​ខូចខាត​។ ប៉ុន្តែ​រថយន្ត​បង្ក​នៅមិនទាន់​ក៏បន្តទៅបុក​ស្លាក​ប៉ាណូ​និង​បង្គោល​ភ្លើង​រួមទាំង​ថូផ្កា​ដែល​នៅ​ខាងមុខ​ហាង​កាហ្វេ​យីហោ​ ធីមកាហ្វេ​ បណ្តាល​ឲ្យ​បង្គោលស្លាក​ប៉ាន់ណូ​វៀចមួយ​។ ចំណែកឯ​បង្គោល​ភ្លើង​រងការឲខូចបែកបន្តិចបន្តួច​។ ដោយ​ឡែក​រថយន្តបង្ក​រងការខូចយ៉ាងដំណំទៅមុខលែងរួច​ ភ្លាមៗនោះ​អ្នកបើកបរ​រថយន្ត​បានចុះពីលើរថយន្ត​រត់គេចខ្លួនបាត់​ស្រមោល​ បន្សល់​ទុក​តែ​រថយន្ត​បង្ក​រងការខូចខាត​នៅ​នឹង​កន្លែង​កើត​ហេតុ​។

ក្រោយ​ពេល​កើត​ហេតុ​ជនរងគ្រោះ​ទាំង២ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​នៅឯមន្ទីរពេទ្យកាល់ម៉ែត​ ដោយ​ឡែក​រថយន្តបង្ក​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចុះមកធ្វើការវាស់វែងនិងយក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ម្ចាស់រថយន្ត​ចូល​ខ្លួន​មក​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ​៕​

មតិយោបល់