ព័ត៌មានជាតិ

Honda Dream បើកផ្តាច់ព្រលឹងហោះទៅបុកម៉ូតូគុប ស្លាប់ក្មេងស្រីម្នាក់ និងរបួសធ្ងន់២នាក់

ភ្នំពេញ: ក្មេងស្រីអាយុ៨ឆ្នាំម្នាក់ បានស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ។ ចំណែក២នាក់ទៀត រងរបួសធ្ងន់ បន្ទាប់ពីជួបនូវហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយយុវជនម្នាក់ ដែលជាប់ចំណាត់ថ្នាក់ខាងបើកម៉ូតូបង្ហោះ មួលដាច់ហ្គែចោល បើកបោះពួយល្បឿនលឿន វ៉ាជែងពីខាងស្តាំជាបន្តបន្ទាប់ ជ្រុលទៅបុកម៉ូតូគុបជ្រុង ជិះ២នាក់ម្តាយកូនស្រី ពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់៣នាក់។ ម៉ូតូមួយគ្រឿងបាក់តួ ខ្ទេចមួយកំណាត់មុខ ជាអនិច្ចារ្យក្មេងស្រីបានស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យគុន្ធបុប្ផា ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ម៉ូតូបង្ក ម៉ាកហុងដា សេ១២៥ ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HI-2795 បើកបរដោយយុវជនជើងខ្លាំងខាងបង្ហោះម៉ូតូ ឈ្មោះ ចក់ សំណាង អាយុ១៨ឆ្នាំ ជាសិស្សសាលារៀនថ្នាក់ទី១២ មានទីលំនៅភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ។ ចំណែកម៉ូតូម្ខាងទៀតម៉ាក ហុងដាគុបជ្រុង សេ៥០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1Y-2355 ជិះ២នាក់ម្តាយកូន ឈ្មោះ មូល សារិទ្ធ អាយុ៣៨ឆ្នាំ ជាម្តាយ និង កូនស្រីឈ្មោះ អាន ស្រីនាថ អាយុ៨ឆ្នាំ បានស្លាប់នៅក្នុងមន្ទីរពេទ្យ នៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃដដែល ដែលមានទីលំនៅភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។

តាមសាក្សីឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ ស្រ្តី២នាក់ម្តាយកូន ជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង លុះមកដល់ចំណុចខាងលើ បត់ស្តាំក្នុងគោលបំណង ចូលដឹកអីវ៉ាន់ នៅផ្ទះអ្នកលក់ស្រាប់តែ ម៉ូតូសេ១២៥ បើកដោយយុវជនផ្តាច់ព្រលឹង បោះពួយល្បឿនលឿន វ៉ាជែងគេឯងពីខាងស្តាំដៃ បោលមកបុកពីក្រោយម៉ូតូគុប ចំហៀងខាងស្តាំ បណ្តាលឲ្យដួលរងរបួស ២នាក់ម្តាយកូនស្តី បាក់ជើងស្តាំដូចគ្នា សន្លប់ស្តូក ចំណែកយុវជនបង្ក បែកមុខ វង្វេងបាត់ស្មារតី ។

តាមអ្នកស្រុក លាន់មាត់គ្រប់គ្នា យុវជនហស្សនាម«បើកផ្តាច់ព្រលឹង» ល្បីទៅហើយខាងបង្ហោះម៉ូតូ កុងទ័រវិញមិនក្រោម៨០ឡើយ រហូតដល់ម៉ែឪនិយាយលែងស្តាប់ មកដល់ព្រឹកនេះ គាត់បើកវ៉ាជែងខុសបច្ចេកទេស ទើបបង្កគ្រោះថ្នាក់ដល់អ្នកដ៍ទៃបែបនេះ ។

ក្រោយកើតហេតុ ជនរងគ្រោះ២នាក់ម្តាយកូនស្រី ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនកូនស្រី ទៅមន្ទីរពេទ្យគុន្ធបុប្ផា ហើយបានស្លាប់ ម្តាយ បញ្ជូនទៅមន្ទីរពេទ្យព្រះកេតុមាលា ហៅមន្ទីរពេទ្យ៧១១។ ចំណែកយុវបង្ក ត្រូវបាន ម្តាយដឹកតាមម៉ូតូយកទៅពេទ្យដោយខ្លួនឯង ។ ដោយឡែកម៉ូតូទាំង២គ្រឿងរងខូចខាត ខ្ទេចដូចគ្នា ត្រូវបាននគរបាលជំនាញ វាស់វែងរួចយកទៅរក្សាទុកនៅ ផ្នែកជំនាញអធិការដ្ឋានដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់