ព័ត៌មានជាតិ

Update៖ អតីតប្តីដើមជាមន្ត្រីយោធា ឃើញប្រពន្ធកំពុងហូបស៊ុបជុំគ្រួសារជាមួយប្តីក្រោយជាចិន ទាញកាំបិតចាក់ផ្អើលហាងស៊ុប Family BBQ Buffet ស្លាប់ម្នាក់ របួសធ្ងន់២នាក់

ភ្នំពេញ: ផ្អើលរត់ជាន់ជើងគ្នាពេញហាងស៊ុបមួយកន្លែង​ បន្ទាប់ពីស្ត្រីជាប្រពន្ធ និងប្ដីដែលជាជនជាតិចិន និងកូន២នាក់ និងស្ត្រីម្នាក់ទៀត​ សរុបទាំងអស់៥នាក់ ចូលមកញ៉ាំស៊ុប ស្រាប់តែមួយសន្ទុះក្រោយមក ក៏មានបុរសដែលគេអះអាងថាជាប្ដីដើម បានជិះម៉ូតូមករត់ចុះធ្វើសកម្មភាពចាក់ទាំងក្រុមគ្រួសារ បណ្តាលឲ្យស្ត្រីជាប្រពន្ធរងរបួសផងដែរ ហើយក៏បានរត់គេចខ្លួនបាត់ស្រមោលតែម្តង។

ហេតុការណ៍ដ៏រន្ធត់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង២០នាទីយប់​ ថ្ងៃទី២៤ ខែធ្នូ​ ឆ្នាំ២០១៨នេះ​ នៅត្រង់ចំណុចផ្ទះ​លេខ៧៩៣ (ហាង Family BBQ Buffet)​ ផ្លូវ១០១​ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចម្ការមន​ រាជធានីភ្នំពេញ​។

តាម​មន្ត្រីអាវុធហត្ថខណ្ឌចម្ការមន​ បានឲ្យដឹងមុននេះថា​ បុរសជនជាតិចិន ដែលជាប្ដីក្រោយនោះ បានស្លាប់ហើយ​ ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ី។

បើតាមលោក ហៀង​ ណារ៉េត អធិការរងនគរបាលខណ្ឌចម្ការមន​ បានប្រាប់Post Newsថា​ បុរសដៃដល់ដែលធ្វើសកម្មភាព​ចាក់ទៅលើមនុស្ស៣នាក់​ បណ្ដាលឲ្យស្លាប់ខាងលើនោះ គឺជាអតីតប្ដីរបស់នារីរងគ្រោះ​ មិនទាន់ស្គាល់អត្តសញ្ញាណទេ​ តែត្រូវបានគេស្គាល់ថាជាមន្ត្រីយោធា និងមិនទាន់ដឹងថាជាករណី​អ្វីនោះទេ​ ព្រោះកម្លាំងលោក​កំពុងធ្វើការស្រាវជ្រាមួយជំហ៊ានសិន។

បើតាមការរៀបរាប់ពីសន្តិសុខយាមម៉ូតូមុខហាង បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ​ គេបានឃើញនារីរងគ្រោះ(ជាប្រពន្ធ)និងក្រុមគ្រួសារ (មានកូន២នាក់ និងស្ត្រីម្នាក់ទៀត​ជាម្ដាយ) បានជិះរថយន្ត Highlander មួយគ្រឿងមកហាងកើតហេតុខាងលើ ទើបមួយសន្ទុះក្រោយមក មានជនជាតិចិនដែលជាប្ដីក្រោយ ជិះកង់មួយគ្រឿងមកតាមក្រោយហើយក៏នាំគ្នាហៅស៊ុបញ៉ាំជុំគ្នា មួយសន្ទុះក្រោយមកស្រាប់តែលេចមុខជនដៃដល់ជិះម៉ូតូសមួយគ្រឿង​ ម៉ាក PCX មិនចាំស្លាកលេខ កាត់មុខហាងមួយជុំ រួចទើបជិះយកម៉ូតូទៅទុកនៅខាងក្រោយរថយន្តដែលគេចតចោលនៅក្បែរហាងខាងលើ រួចដើរចូលទៅក្នុងហាង ស្របពេលនោះដែលក្រុមនារីរត់តុក៏បាន សាកសួររកថា អញ្ជើញពិសារអ្វីដែរ​ តែបុរសដៃដល់ មិនឆ្លើយតបនោះទេ បែរជាប្រញ៉ាប់ដើរសំដៅទៅរកបុរសជនជាតិចិនរងគ្រោះ​ ដែលកំពុងអង្គុយហូបស៊ុបជាមួយប្រពន្ធនិងកូនរួមទាំងម្ដាយក្មេក រួចធ្វើសកម្មភាពដកកាំបិតដែលទុកនៅក្នុងកាបូបស្ពាយនោះ​ ចាក់ទៅលើជនជាតិចិននោះ​ ជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់​ ហូរឈាមពេញហាង។ ចំណែកឯនារីជាប្រពន្ធនិងស្ត្រីជាម្ដាយក៏ត្រូវបានបុរសជាប្ដីនោះ​ ចាក់ជាច្រើនកាំបិត​ បណ្ដាលឲ្យរបួសធ្ងន់ទាំង២នាក់នោះ ។ ក្រោយពីធ្វើសកម្មភាព​ចាក់ទៅលើមនុស្ស៣នាក់ខាងលើ​បណ្ដាលឲ្យរងរបួសធ្ងន់​ហើយ​ ជនដៃដល់បានដើរចេញពីហាងខាងលើទៅយកម៉ូតូវិញ ស្របពេលជាមួយគ្នានោះ​មានភ្ញៀវនិងបុគ្គលិកក្នុងហាង​ បានរត់ចេញមកជួយចាប់ដែរ​ តែដោយសារតែ​ឃើញកាំភ្លើងនៅជាប់ចង្កេះរបស់ជនដៃដល់នោះ​ ទើបមិនមានអ្នកណាហ៊ានចូលទៅឃាត់និងចាប់ឡើយ​ ទើបធ្វើឲ្យជនដៃដល់ឡើងជិះម៉ូតូចេញទៅបាត់ស្រមោលតែម្ដង។

បន្ទាប់មកស្ត្រីជាប្រពន្ធនិងស្ត្រីជាម្ដាយដែលរងរបួសត្រូវបានគេដឹកតាមម៉ូតូទៅសង្គ្រោះភ្លាមៗនៅឯគ្លីនិកឯកជន​ទំនើប​។ ចំណែកឯបុរសជនជាតិចិន​ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ​រុស្ស៊ី ។

ក្រោយពេលកើតហេតុ​ គេឃើញមានកម្លាំងអាវុធហត្ថខណ្ឌចម្ការមន​ និងកម្លាំងនគរបាលខណ្ឌចម្ការមន​ ចុះមកកន្លែងកើតហេតុ​ ដើម្បីធ្វើការស្រាវជ្រាវ​ និងស៊ើប​អង្កេត​តាមជំនាញរៀងៗខ្លួន៕

មតិយោបល់