ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបទីតាំងបើកល្បែងអនឡាញក្នុងបុរីGOOD LUCK ឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ីនិងចិន ចំនួន៨នាក់!

បន្ទាយមានជ័យ: ​ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក មាស ច័ន្ទពិសិដ្ឋ បានដឹកនាំកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និង កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានចុះទៅបង្រ្កាបទីតាំងបើកល្បែងអនឡាញ២កន្លែង ក្នុងបុរី GOOD LUCK នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណ:នោះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនជាតិថៃ និងជនជាតិឥណ្ឌូនេស៊ីប្រុសស្រី៨នាក់ និង ដក ហូតសម្ភារ:មួយចំនួន បម្រើឲ្យការប្រព្រឹត្តល្បែង អនឡាញខុសច្បាប់។

សមត្ថកិច្ច បានឆែកឆេរត្រួតពិនិត្យជនបរទេសទាំង៨នាក់នោះគឺមានស្រ្តីជនជាតិថៃម្នាក់ ធ្វើតេស្តទឹកនោមឃើញមានការប្រើប្រាស់គ្រឿងញៀន និងត្រួតពិនិត្យ ពួកគេមាន លិខិត ឆ្លងដែន ប្រភេទការងារ ប៉ុន្តែគ្មានប័ណ្ណការងារ សមត្ថកិច្ចបាន ចាប់បញ្ជូន មក កាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីយកមកសាក សួរបន្ថែម និងចាត់ការតាមនីតិវិធីច្បាប់។

ប្រតិបត្តិការបង្រ្កាបជនជាតិបរទេសបើកល្បែងអនឡាញខុសច្បាប់នៅចំណុចបុរី GOOD LUCK ក្រុងប៉ោយប៉ែតនោះផងដែរ ក្រោយមានសេចក្តីរាយ ការណ៍ឲ្យដឹងថានៅតំបន់ក្រុងប៉ោយប៉ែតមានជនបរទេសមកស្នាក់នៅជួលអាគារបើកល្បែងស៊ីសងតាមប្រព័ន្ធអ៊ឺនធឺណេតអនឡាញ និងបានជួលទីតាំងអាគារ ប្រើប្រាស់ជួញដូរគ្រឿងញៀននោះផងទៀត។

ប្រតិបត្តិការបង្រ្កាបជនបរទេសមកស្នាក់នៅធ្វើការងារប្រកបមុខរបរ ខុសច្បាប់នៅក្រងប៉ោយប៉ែត ត្រូវគេមើលឃើញថាប្រើប្រាស់វិធានការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពនិងបង្ការទប់ស្កាត់ បង្រ្កាបបទល្មើស ខុសច្បាប់ នោះផងដែរ។

សូមបញ្ជាក់ថា កាលពីក្នុងកិច្ចប្រជុំរវាងនគរបាលយុត្តិធម៌ និងតុលាការ ខេត្តបន្ទាយមានជ័យ កាលពីកន្លងទៅថ្មីៗនេះលោក ព្រះរាជអាជ្ញាអម សាលា ដំបូងខេត្តបន្ទាយមានជ័យ ក៏បានលើកឡើងនិង ដាក់ផែនការជម្រុញឲ្យ សមត្ថកិច្ច បង្ការទប់ស្កាត់ បង្រ្កាប គ្រឿងញៀន និងល្បែងស៊ីសង ខុសច្បាប់ ក្នុងការដោះស្រាយបញ្ហាអសន្តិសុខ នៅក្រុងប៉ោយប៉ែត និងតាមបណ្តាស្រុក ក្រុងនានាក្នុងខេត្តបន្ទាយមានជ័យ៕

មតិយោបល់