ភ្នំពេញៈ រថយន្តJeeb មួយគ្រឿង បើកលឿនពេកក៏រេចង្កូតឡើងខឿនចិញ្ចើមផ្លូវបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឲ្យរងការខូចខាតបន្តិចបន្តួច ចំណែកអ្នកបើកបរភ័យរត់ចោលរថយន្តបាត់។ ហេតុការណ៍ខាងនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវបេតុង រោងចក្រដំបូលខៀវ ដែលស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បានបើកបររថយន្តមួយគ្រឿងម៉ាក Jeeb ពណ៌ស្លែ អត់ស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន លុះមកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្តខាងលើបានរេចង្កូតទៅផ្នែកខាងស្ដាំ ឡើងខឿនចិញ្ចើមផ្លូវ ហើយបុកបង្គោលភ្លើងរបស់រោងចក្រដំបូលខៀវ បណ្តាលឲ្យរងការខូចខាតបន្តិចបន្តួច។ ចំណែកអ្នកបើកបរបានចុះពីលើរថយន្តហើយរត់គេចខ្លួនបាត់ បន្ទាប់មកប្រជាពលរដ្ឋបានទាក់ទងនគរបាលប៉ុស្តិ៍ចោមចៅទី១ខាងលើឲ្យចុះមកពិនិត្យកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១បានទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ដើម្បីស្ទូចយករថយន្តខាងលើទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕





មតិយោបល់