ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចណ៍មួយបង្កឡើងដោយរថយន្ត១គ្រឿង ម៉ាកហាយឡែនឌ័រ បើកបរដោយបុរសម្នាក់ គឺជាមន្រ្តីនគរបាលមួយរូប ស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំ បានបើកបុកទ្រូងផ្លូវ ក្រឡាប់ផ្ងារជើងទ្រមេឃ។
ហេតុការណ៍ខាងលើនេះបានឡើងកាពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវមុន្នីរ៉េត គល់ស្ពានស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញបុរសម្នាក់ត្រូវគេស្គាល់ថាជាមន្រ្តីនគរបាលចរាចណ៍ខណ្ឌដង្កោ បើកបររថយន្ត១គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2-AN 5082 ក្នុងទិសដៅពីលិចទៅកើត ស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំ លុះមកដល់ចំណុចកើតហេតុបានរេចង្កូតមកបុកទ្រូងផ្លូវបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងឡើងលើ។ ចំណែកឯម្ចាស់រថយន្តបានវាចេញពីក្នុងរថយន្តរងរបួសស្រាល ត្រូវបានគ្លីនិកឯកជនដឹកទៅសង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងធ្វើការទាក់ទងទៅជំនាញចរាចណ៍ផ្លូវគោកដើម្បីរង់ចាំធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់៕
មតិយោបល់