Post News Media ព័ត៌មានជាតិ កីឡាករបាល់ទាត...

កីឡាករបាល់ទាត់ជម្រើសជាតិដ៍ល្បីរបស់កម្ពុជា​ (CV11) ចាន់​ ​វឌ្ឍនាកា​ បើករថយន្តស៊េរីទំនើបឡិចស៊ីសNX400t ស្លាកលេខ​ ភ្នំពេញ​2AX-7011​ បុកខឿនសួនច្បារស្ពានអាកាស៧មករា

ភ្នំពេញ: កីឡាករបាល់ទាត់ជម្រើសជាតិដ៍ល្បីរបស់កម្ពុជា​ (CV11) ចាន់​ ​វឌ្ឍនាកា​ បើករថយន្តស៊េរីទំនើបឡិចស៊ីសNX400t ស្លាកលេខ​ ភ្នំពេញ​2AX-7011​ បុកខឿនសួនច្បារស្ពានអាកាស៧មករា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ រួចចុះពីលើរថយន្តគេចខ្លួនបាត់​ពីកន្លែងកើតហេតុ។

ហេតុការណ៍​នេះ​កើត​ឡើង​កាលពីវេលា​ម៉ោង​១និង​៣០នាទី​រំលង​អធ្រាត្រ​ ឈានចូលថ្ងៃទី​៨​ ខែ​មករា​ ឆ្នាំ​២០១៩ ត្រង់ចំណុច​ខាងក្រោម​ស្ពានអាកាស​៧មករា​ តាមបណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ កែងនឹងផ្លូវ​២៧១​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​។

តាមប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅមុន​ពេលកើតហេតុ​គេឃើញ​បុរស​ម្នាក់​ ដែល​គេ​ស្គាល់​ថា​ជា​កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​ ចាន់​ ​វឌ្ឍនាកា បានបើកបរ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ ឡុចស៊ីស​ NX400t ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​2AX-7011​ រួមដំណើរជាមួយនារី​រូបស្រស់​សោភា​ម្នាក់​ទៀត ក្នុងស្ថានភាពស្រវឹង​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ក្នុងទិស​ដៅ​ពី​កើត​ទៅ​លិច​ និងក្នុងល្បឿនយ៉ាង​លឿន​។ លុះមកដល់​ចំណុចកើត​ហេតុ​ រថយន្តខាងលើ​ក៏​បាន​បួង​ចង្កូត​បត់ស្តាំ​បម្រុង​ឆ្ពោះទៅផ្លូវ​២៧១​ ដោយ​មិនបន្ថយល្បឿន​ និងខ្វះការ​ប្រុងប្រយ័ត្ន​ ក៏​ជ្រុល​ទៅ​បុក​និង​ខឿន​សួនច្បារ​ដែល​នៅ​ខាងក្រោម​ស្ពានអាកាស​៧មករា​ បណ្ដោយ​ឲ្យ​ខូច​ខាត​ជិត​១០កង់​ បែកខ្ទាត​ពេញផ្លូវ​ ។ ចំណែកឯ​រថយន្តបង្ករងការខូចខាត​បែក​កង់ ​និង​ក្រពឹតកាង​ផ្នែកខាងមុខ​ចំហៀង​ខាង​ឆ្វេង​។ ភ្លាម​ៗនោះ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​គេច​ចេញ​ពី​កន្លែង​កើត​ហេតុ​បាន​ប្រមាណ​១០០ម៉ែត្រ ​ក៏​ត្រូវ​សមត្ថកិច្ច​ដែល​ប្រចាំ​ការ​នៅ​ទីនោះធ្វើការ​ជិះ​ដេញ​ឃាត់​បាន​ទាន់​ពេលវេលា​។ ប៉ុន្តែ​ក្រោយ​មក​អ្នកបើកបរ​រថយន្ត​ដែលគេ​បាន​ស្គាល់​ថា​ ជា​កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​ ចាន់​ វឌ្ឍនាកា​ រួមទាំង​នារី​ម្នាក់​ទៀត​ដែល​រួមដំណើររ​ជាមួយ​គ្នា បានគេច​ខ្លួន​ចេញ​ទៅបាត់​ ដោយ​បន្សល់​ទុក​តែ​រថយន្ត​បង្កដែល​រងការ​ខូចខាត​នៅ​និង​កន្លែង​កើត​ហេតុ​តែ​ប៉ុណ្ណោះ​។

ក្រោយ​ពេល​កើត​ហេតុ​រថយន្ត​បង្ក​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ម្ចាស់​ចូល​ខ្លួន​មក​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ​៕