ព័ត៌មានជាតិ

រថយន្តក្រុង​ដឹក​អ្នកដំណើររបស់ក្រុមហ៊ុន​ កាពីតូល​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 3A-7314​ ​បើកកៀររថយន្តហាយទ្បែនឌ័រ បណ្តាលឲ្យ​រងការខូចខាត

ភ្នំពេញ:​ បុរសម្នាក់​ស្រវឹងស្រា​ជោកជាំ ​បើករថយន្តក្រុង​ដឹកអ្នក​ដំណើរ​របស់ក្រុមហ៊ុន​ កាពីតូល​ មួយគ្រឿង​ បំពាន​ភ្លើងសញ្ញា​ចរាចរណ៍​ទៅកៀរ​រថយន្ត​ហាយ​ឡែន​ឌ័រ​មួយគ្រឿងទៀត​ ដែល​កំពុង​ឈប់​ស្តុប​ នៅត្រង់​ចំណុច​ស្តុប​ត្រឡោកបែក​ តាមបណ្ដោយ​ផ្លូវ​៥៩៨​ ស្ថិតក្នុងសង្កាត់​បឹងកក់​ទី​២​ ខណ្ឌ​ទួលគោក​។

ភ្លាម​ៗនោះ​រថយន្ត​ក្រុង​ ក៏​ព្យាយាម​បើករត់គេចខ្លួន ​ទៅ​ឈប់​នៅ​ខាងមុខ​ចំណត​រថយន្ត​ក្រុង​របស់​ក្រុម​ហ៊ុន​កាពីតូល​ ក្បែរ​និង​ក្រុមហ៊ុន​លីហួរ​ ដែល​នៅតាមបណ្តោយ​ផ្លូវ​៥៩៨​ ស្ថិតក្នុងសង្កាត់​ទួល​សង្កែ​ទី​២​ ខណ្ឌ​ឬស្សីកែវ​។ ហេតុការណ៍​នេះ​ កើត​ឡើង​កាលពីវេលា​ម៉ោង​១១និង២០នាទី​យប់​ ថ្ងៃទី​០៩​ខែ​មករា​ ឆ្នាំ​២០១៩​។

តាមប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ ​បាន​ឲ្យ​ដឹង​ថា ​នៅមុន​ពេលកើតហេតុ​គេ​ឃើញ​ បុរស​ម្នាក់ បើក​រថយន្ត​មួយ​គ្រឿង​ម៉ាក​ ហាយឡែនឌ័រ​ ពណ៌​ស្ករ​ ពាក់ស្លាកលេខ​ ភ្នំពេញ​2AQ-2034 និងរួម​ដំណើរ​ជាមួយបុរសនារីចំនួន​បីនាក់​ទៀត​ ​ធ្វើដំណើរ​តាមបណ្ដោយ​ផ្លូវ​លេខ៥៩៨​ ក្នុងទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។

លុះមកដល់​ចំណុចស្តុប​ត្រឡោកបែក ​ដែលជាកន្លែង​កើត​ហេតុ​ រថយន្ត​ខាងលើ​ ក៏​បាន​ឈប់​រង់ចាំ​ស្តុប​បៃតង​ ខណ:​ពេល​នោះ​ក៏​ស្រាប់​តែ​មាន​រថយន្ត​ក្រុង​ដឹកអ្នក​ដំណើរ​មួយ​គ្រឿង​ទៀត​ ពណ៌សលាយ​ក្រហម​ ជាប្រភេទ​៤២កៅអី​ របស់​ក្រុម​ហ៊ុន​កាពីតូល​ ពាក់ស្លាកលេខ​ ភ្នំពេញ​3A-7314​ បើកបរ​ដោយ​បុរសម្នាក់ ក្នុង​ស្ថានភាព​ស្រវឹង​ជោក​ជាំ​ ស្របទិសគ្នា​មកពី​ក្រោយ​ ហើយ​បានព្យាយាម​បើក​រុល មកខាងឆ្វេង​រថយន្ត​ហាយឡែនឌ័រ​ខាងលើ​ ទាំង​បំពាន​ភ្លើង​សញ្ញា​ចរាចរណ៍​ ​បណ្ដាល​ឲ្យ​កៀរ​រថយន្តហាយឡែនឌ័រ​ចំកាងខាងក្រោយ ​ចំហៀង​ខាងឆ្វេង​រងការខូចខាត​។

ក្រោយកើតហេតុរថយន្តបង្ក បាន​ព្យាយាម​បើករត់គេចចេញពីកន្លែង​កើតហេតុ​។ ភ្លាមៗ​នោះរថយន្ត​រងគ្រោះ​ ក៏​បាន​បើក​ដេញ​តាម​មកពី​ក្រោយ​រថយន្ត​បង្ក ​រហូត​ទៅ​ដល់​ខាង​ចំណត​រថយន្ត​ក្រុង​របស់​ក្រុមហ៊ុន​កាពីតូល​ខាងលើ​ ទើប​រថយន្ត​បង្ក​ព្រម​ឈប់រថយន្ត​ ប៉ុន្តែ​អ្នក​បើកបរ​រថយន្ត​ ​មិន​បាន​ចុះមក​ធ្វើការ​ដោះស្រាយ​គ្នា​ ជាមួយ​រថយន្ត​រងគ្រោះ​នោះទេ​ ហើយថែម​ទាំងដេក​លក់​នៅ​ក្នុង​រថយន្ត​ថែម​ទៀត​ផង​។

បន្ទាប់​មក​ក៏​មាន​កម្លាំង​សមត្ថកិច្ច​មូល​ដ្ឋាន ​បាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍​ ដាស់​អ្នក​បើក​បរ​រថយន្ត​ឲ្យ​ចុះ មក​ដោះស្រាយ​គ្នា​។ ប៉ុន្តែ​ខណ:​នោះ​​អ្នក​បើកបរ​រថយន្ត​បង្ក​ ចុះពីលើក​រថយន្តរួច​ បែប​ជាធ្វើដូចជាមិនដឹងរឿង​អី ហើយប្រកែកថា មិនបាន​បើករថយន្ត​កៀររថយន្ត​រងគ្រោះ​នោះទេ​។ ទើបជជែកគ្នារកខុសត្រូវ រហូតដល់​ប្រមាណ១ម៉ោង​ក្រោយ​មក ​ដោយ​ភាគី​ខាងរថយន្តរងគ្រោះ​មិន​ចង់​មាន​រឿង​វែង​ឆ្ងាយ​ ក៏​ព្រម​បញ្ចប់​រឿង​នៅ​និង​កន្លែង​កើត​ហេតុ​ ដោយ​ត្រឹម​ពាក្យ​សុំទោស​របស់​អ្នក​បើក​បរ​រថយន្ត​បង្ក​៕

មតិយោបល់