Post News Media អចលន​ទ្រព្យ អាជ្ញាធររាជធា...

អាជ្ញាធររាជធានីភ្នំពេញ កំពុងជម្រុញគម្រោងស្ពានអាកាសក្បាលថ្នល់ ឲ្យលេចរូបរាងឆាប់ៗនេះ

កាលពីម្សិលមិញនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបច្ចេកទេសជាមួយមន្ត្រីជំនាញ ដើម្បីកែសម្រួលប្រព័ន្ធចរាចរណ៍ នៅត្រង់ចំណុចប្រសព្វរវាង មហាវិថីព្រះមុនីវង្ស ផ្លូវ ២៧១ និងមហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ដែលជាចំណុចកកស្ទះខ្លាំង។

លោក បានលើកឡើងដែរថា ដើម្បីឆ្លើយតបទៅនឹង​ កំណើនប្រជាជន រស់នៅអចិន្ត្រៃយ៍រហូតដល់ ៣លានក្នុងទីក្រុងភ្នំពេញ រាជរដ្ឋាភិបាល គ្រោងនឹងសាងសង់ស្ពានអាកាសបន្ថែម ឬផ្លូវក្រោមដី នៅតំបន់ច្រមុះជ្រូកក្បាលថ្នល់ ភ្ជាប់ជាមួយនឹងផ្លូវ ៦០ម៉ែត្រ នាពេលឆាប់ៗខាងមុខ។

ការកែសម្រួលគម្រោងសាងសង់បន្ថែម ស្ពានអាកាស ២ខ្សែ ត្រង់រង្វង់មូលក្បាលថ្នល់ នឹងត្រូវកាត់បន្ថយការស្ថាបនា នៅត្រឹមតែ ១ខ្សែប៉ុណ្ណោះ ដោយរត់ពី ផ្លូវព្រះមុនីវង្ស ឡើងទៅផ្លូវព្រះនរោត្តម។

គួររម្លឹកដែរថា រដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានគ្រោងស្ថាបនាបន្ថែម ស្ពានអាកាស និងផ្លូវក្រោមដីចំនួន ៤ខ្សែទៀត នៅតំបន់ក្បាលថ្នល់។

ចំពោះគម្រោងស្ពានអាកាស និងផ្លូវក្រោមដី ទាំង ៤ខ្សែនោះ គឺ៖

១. ស្ពានហោះស្របពីលើមហាវិថីព្រះនរោត្តមបត់ឆ្វេង ឡើងភ្ជាប់ទៅស្ពានមុនីវង្សថ្មី

២. ស្ពានតភ្ជាប់ពីស្ពានមុនីវង្សចាស់បត់កោងស្តាំឡើងទៅចាក់អង្រែ

៣. ស្ពានហោះស្របពីលើមហាវិថីព្រះមុនីវង្ស បត់ទៅមហាវិថីព្រះនរោត្តម រួចបត់ស្តាំឡើងស្ពានវិញ

៤. ផ្លូវក្រោមដី ១ខ្សែ មុជក្រោមដីពីចាក់អង្រែ ឆ្ពោះទៅមហាវិថីព្រះមុនីវង្ស។

ចំពោះស្ពានអាកាស មានបណ្តោយចាប់ពី ២២០ ដល់ ២៤០ម៉ែត្រ និងទទឹងចាប់ពី ៥ ដល់ ៧ម៉ែត្រ ហើយផ្លូវមុជក្រោមដី មានបណ្តោយ ៣០៦ម៉ែត្រ៕

 

Loading...