Post News Media អចលន​ទ្រព្យ ទីក្រុងទេសចរណ...

ទីក្រុងទេសចរណ៍ធម្មជាតិថ្មី លេចរូបរាងនៅខេត្តសៀមរាប ចំណាយទុនដំបូង ៣លានដុល្លារ

ក្រុមហ៊ុនវិនិយោគកោះសង្សារ (SONG SAA Collective) នឹងចំណាយទុនដំបូងជាង ៣លានដុល្លារអាមេរិក លើដីជាង ៤០០ហិកតា សម្រាប់បង្កើតជាទីក្រុងទេសចរណ៍ធម្មជាតិ នៅខេត្តសៀមរាប។ នេះបើយោងតាមការឲ្យដឹងពី ក្រសួងបរិស្ថាន។

គម្រោងនេះ មានសណ្ឋាគារជាលក្ខណ:បឹងកាឡូ ដែលអាចទស្សនាសត្វស្លាបនៅក្បែរបឹងធម្មជាតិ ១កន្លែង វីឡា ផ្ទះស្នាក់ មានអាងហែលទឹក មានស្ប៉ា-ម៉ាស្សា សាលារៀន មជ្ឈមណ្ឌលសាសនា កន្លែងសមាធិ និងកន្លែងកំសាន្តជាមួយធម្មជាតិផ្សេងទៀតផងដែរ។

លោក Rory HUNTER នាយកក្រុមហ៊ុនវិនិយោគសង្សារ បានបញ្ជាក់ថា លោកបានត្រៀមដីជាង ១ហិកតា នៅជុំវិញបឹងធម្មជាតិនៅក្បែរកន្លែងគម្រោង ដើម្បីចូលរួមអភិរក្សមច្ឆាជាតិ និងសត្វស្លាបគ្រប់ប្រភេទ ជាពិសេសសត្វកម្រដូចជាសត្វក្រៀលជាដើម។

លោក Rory HUNTER សង្ឃឹមថា គម្រោងវិនិយោគរបស់លោកនៅរយ:ពេល ៥ឆ្នាំទៅខាងមុខ នឹងដំណើរការគម្រោងជាបន្តបន្ទាប់ ជាមួយការផ្តល់ការងារជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសអ្នកភូមិនៅក្បែរនោះ ដែលពុំមានវិស័យឧស្សាហកម្មរីកចម្រើនដូចនៅតំបន់ទីក្រុង។

ដោយសារខេត្តសៀមរាប មានសក្តានុពលទេសចរណ៍យ៉ាងសំខាន់បំផុត និងជាពិសេសកន្លែងមួយចំនួននៅជុំវិញតំបន់អង្គរ កំពុងទាក់ទាញបន្ថែមទៀតលើផ្នែកទេសចរណ៍ធម្មជាតិ ក្រុមហ៊ុនសម្រេចបង្កើតតំបន់ទេសចរណ៍ធម្មជាតិដ៏ធំ លក្ខណ:អន្តរជាតិ ដែលមិនប៉ះពាល់ដល់បរិស្ថាន ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា គម្រោងវិនិយោគរបស់ក្រុមហ៊ុន មានប្រវត្តិល្អដូចជានៅតំបន់កោះសង្សារ ក្នុងខេត្តព្រះសីហនុ ដែលកំពុងមានភាពទាក់ទាញបំផុតនៅលើពិភពលោក ហើយពិសេសគម្រោងវិនិយោគ បានចូលរួមក្នុងកិច្ចគាំពារបរិស្ថាន និងអភិរក្សជីវ:ចម្រុះផងដែរ៕

Loading...