អចលន​ទ្រព្យ

ខេត្តសៀមរាប នឹងមានផ្លូវក្រវ៉ាត់ក្រុង ខាងត្បូងក្រុង ប្រវែង ៤២គីឡូម៉ែត្រ

អាជ្ញាធរខេត្ដសៀមរាបបានប្រកាសថា ខេត្តសៀមរាប នឹងមានហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនពណ៌បៃតងដ៏ធំមួយនៅពេលឆាប់ខាងមុខនេះ ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើចរាចរ និងការដឹកជញ្ជូនទំនិញផ្សេងៗរបស់ប្រជាពលរដ្ឋនៅក្នុងខេត្ដ។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីពេលថ្មីៗនេះ។

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាមានគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនពណ៌បៃតង ឬផ្លូវក្រវ៉ាត់ ក្រុងសៀមរាបដ៏ធំមួយ នៅផ្នែកខាងត្បូងក្រុងសៀមរាប ស្របតាមបឹងទន្លេសាប ចាប់ពីស្រុកប្រាសាទបាគង ទៅដល់ស្រុកពួក ខេត្តសៀមរាប។

ផ្លូវនេះមាន ២គន្លង ប្រវែងសរុប ៤២គីឡូម៉ែត្រ ទទឹង ១៣ម៉ែត្រ ជាប្រភេទកៅស៊ូ AC និងមានសំណង់សិល្ប:មួយចំនួន។

លោកបានបន្តថា គោលបំណងនៃគម្រោងនេះ គឺដើម្បីផ្តល់ដំណោះស្រាយ ដល់ការដឹកជញ្ជូន និងការស្តារឲ្យប្រសើរឡើងវិញនូវ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងទីក្រុងសៀមរាប។

គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនពណ៌បៃតងនេះ ត្រូវបានធ្វើការសិក្សាបច្ចេកទេសដោយអ្នកជំនាញកូរ៉េ ហើយបន្ទាប់ពីការបញ្ចប់ការសិក្សានេះ រាជរដ្ឋាភិបាលកម្ពុជា និងស្វែងរកដៃគូអភិវឌ្ឍន៍ក្នុងការយកថវិកាមកអនុវត្តន៍គម្រោងនេះ ឲ្យបានឆាប់ៗ នាពេលខាងមុខនេះ។

លោកស្រី សាង មីលី តំណាងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានឲ្យដឹងថា ចំពោះគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនពណ៌បៃតងនេះ អ្នកជំនាញកូរ៉េ បានជួយធ្វើការសិក្សាបច្ចេកទេស ដែលត្រូវបានពិភាក្សាបញ្ចប់រួចហើយ។

ជាចុងក្រោយ លោកស្រីបង្ហាញក្ដីរំពឹងថា សម្រាប់ការស្វែងរកដៃគូអភិវឌ្ឍន៍ក្នុងការ យកថវិកាមក អនុវត្តន៍គម្រោង រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នឹងពិភាក្សាគ្នា និងឈានទៅរកភាពល្អប្រសើរមួយ ក្នុងការអនុវត្តគម្រោងនេះ៕

មតិយោបល់