Post News Media អចលន​ទ្រព្យ ផ្សារទំនើប Ma...

ផ្សារទំនើប Makro ក្បែរអ៊ីអន២ បើកដំណើរការជាផ្លូវការ

ផ្សារទំនើប Makro មកពីប្រទេសថៃ ដែលជាមជ្ឈមណ្ឌលចែកចាយផលិតផលបែបបោះដុំ និងមានទីតាំងក្បែរផ្សារទំនើបអ៊ីអនម៉លទី ២ បានសម្ពោធបើកដំណើរការជាផ្លូវការកាលពីម្សិលមិញនេះ។

លោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធជាផ្លូវការនេះ និងបានថ្លែងថា ក្រុមហ៊ុន ម៉ាក្រូ (ខេមបូឌា) បានដាក់សំណើសុំវិនិយោគមកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ដែលមានន័យថា គិតចាប់ពីថ្ងៃដាក់ពាក្យរហូតដល់ពេលនេះគឺមានរយ:ពេលមិនទាន់គ្រប់មួយឆ្នាំផង សំណង់អគារមជ្ឈមណ្ឌលពាណិជ្ជកម្មម៉ាក្រូ ខេមបូឌា ដ៏ធំស្កឹមស្កៃក៏បានលេចចេញរូបរាង ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំប្រឹងប្រែង និងការទទួលខុសត្រូវខ្ពស់របស់វិស្វករ បុគ្គលិក និងកម្មករ-កម្មការិនីទាំងអស់ក្រោមការដឹកនាំគ្រប់គ្រងដំណើរការសាងសង់យ៉ាងប៉ិនប្រសប់របស់ក្រុមហ៊ុន។

លោកស្រី ស៊ូឆាដា អ៊ីធីចារុគុល នាយកប្រតិបត្តិក្រុមហ៊ុន Siam Makro បានឲ្យដឹងថា ការបើកសាខាដំបូងនៅកម្ពុជា គឺបានចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក L.Y.P Group ដែលសាងសង់នៅលើផ្ទៃដីជាង ៥ហិកតា។

លោកស្រី​ បន្តថា បន្ទាប់ពីបានបើកដំណើរការ ផ្សារទំនើបមួយនេះនឹង ពង្រីកសាខារបស់ខ្លួនពី ៩ ទៅ១០កន្លែងបន្ថែមទៀត ក្នុងប្រទេសកម្ពុជា នារយ:ពេល ៣ឆ្នាំខាងមុខ ដោយគ្រោងចំណាយទុនបន្ថែម ប្រមាណ ១០០លានដុល្លារអាមេរិក។

ជាមួយបទពិសោធន៍ជិត ៣០ឆ្នាំ ផ្សារទំនើប Makro សង្ឃឹមថា នឹងអាចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជា ដែលកំពុងរស់នៅក្នុងទីក្រុងភ្នំពេញដ៏មានសក្តានុពល តាមរយ:ការផ្គត់ផ្គង់ផលិតផលទំនិញបោះដុំ ដែលមានគុណភាពខ្ពស់ និងមានការធានាសុវត្ថិភាពដោយប្រទេសថៃ និងស្តង់ដារអន្តរជាតិ។

សូមបញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ម៉ាក្រូ (ខេមបូឌា) គណ:កម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញ «វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុនកាលពីខែឧសភា ឆ្នាំ២០១៧ ដែលបានបោះទុនវិនិយោគចំនួន ៦៨លានដុល្លារអាមេរិក ហើយបច្ចុប្បន្នបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋបានចំនួន ២៧២កន្លែង៕

 

Loading...