Post News Media អចលន​ទ្រព្យ គម្រោងរថភ្លើង...

គម្រោងរថភ្លើងអាកាសដំបូងបង្អស់នៅកម្ពុជា អាចបែកជា ៤ខ្សែ ចេញពីកណ្តាលក្រុង

នៅពេលខាងមុខនេះ រាជធានីភ្នំពេញ នឹងមានសេវាដឹកជញ្ជូនសាធារណ:រថភ្លើងលើអាកាស AGT ដែលអាចបែកចេញពី ផ្សារធំថ្មី រត់តាមខ្សែចំនួន ៤ ទៅកាន់ទិសខាងជើង ខាងត្បូង និងខាងលិចរាជធានីភ្នំពេញ។ នេះបើយោងតាម រូបភាពពី សាធារណការ រាជធានីភ្នំពេញ។

យោងតាមរូបភាពពីការសិក្សារបស់ អង្គការ JICA បានបង្ហាញឲ្យឃើញថា គម្រោងនេះ នឹងបែកជា ៤ទិស ដោយទិសជើងមានប្រវែង ៩.៦គ.ម. ឆ្លងកាត់តំបន់ទួលគោក ទិសខាងត្បូងប្រវែង ១០.៥គ.ម. ឆ្លងកាត់មហាវិថីព្រះមុនីវង្ស នឹងផ្លូវជាតិលេខ ២ ទិសខាងលិច មាន ២ខ្សែ ប្រវែង ១១.៨គ.ម. ឆ្លងកាត់តាមមហាវិថីសហព័ន្ធរុស្ស៊ី និងប្រវែង ១១.៥គ.ម. ឆ្លងកាត់តាមមហាវិថីវេងស្រេង ឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

នៅថ្ងៃនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជួបប្រជុំពិភាក្សាការងារបច្ចេកទេសជាមួយក្រុមការងាររបស់អង្គការ JICA ដឹកនាំដោយលោក ស៊ូកាណូ យូឈី (Sugano Yuichi) ប្រធានតំណាងJICA ស្ដីពីតម្រូវការដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ ដែលបានលើកយកការរៀបចំរថភ្លើងលើអាកាស AGT មកធ្វើការសិក្សា។

បច្ចុប្បន្ន គម្រោងរថភ្លើងអាកាសដំបូងបង្អស់នៅកម្ពុជា កំពុងស្ថិតក្រោមការសិក្សារបស់អង្គការ JICA ដែលគ្រោងនឹងបញ្ចប់នាពេលដ៏ខ្លីខាងមុខ ហើយតាមគោលដៅគ្រោងទុក កម្ពុជា នឹងមានប្រព័ន្ធរថភ្លើងអាកាសស្វ័យប្រវត្តិនេះ មុនឆ្នាំ ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម។

កាលពីពេលថ្មីកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា គម្រោងរថភ្លើងអាកាស តម្លៃជាង ៨០០លានដុល្លារអាមេរិក ប្រវែង ១៨គីឡូម៉ែត្រ នឹងបើកចេញពី ផ្សារធំថ្មី ទៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន ​បានឯកភាពឲ្យមានការសិក្សាលើ គម្រោងរថភ្លើងធុនស្រាលលើអាកាសនៅកម្ពុជា ជាការឆ្លើយតបទៅនឹង ការស្នើសុំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានស្នើឲ្យភាគីជប៉ុន ជួយកសាងខ្សែរថភ្លើងធុនស្រាលស្វ័យប្រវត្តិលើអាកាសនៅកម្ពុជា។

បើយោងតាមផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូនក្នុងក្រុង ឆ្នាំ ២០៣៥ គម្រោងខ្សែរថភ្លើងនេះ អាចនឹងចាប់ផ្តើមក្នុងឆ្នាំ ២០២០ និងបញ្ចប់ក្នុងឆ្នាំ ២០២៣ ដោយគម្រោងដំបូងមានប្រវែង ១៨គីឡូម៉ែត្រ និងចំណាយប្រមាណ ៨០០លានដុល្លារអាមេរិក។

រថភ្លើងធុនស្រាលស្វ័យប្រវត្តិលើអាកាស ជាមធ្យោបាយដឹកជញ្ជូនសាធារណ:ដ៏មានប្រសិទ្ធិភាព ដែលរួមចំណែកយ៉ាងធំធេង ក្នុងការកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ ហើយទីភ្នាក់ងារ JICA ក៏បានស្នើសុំសិក្សាបន្ថែមលើ ផ្នែកបច្ចេកទេស តម្លៃ និងការងារពាក់ព័ន្ធ ដើម្បីដំណើរការក្នុងរាជធានីភ្នំពេញ។

នៅពេលដែលគម្រោងនេះ សម្រេចបាន វានឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសការកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ កាត់បន្ថយពេលវេលាធ្វើដំណើរ ក៏ដូចជាការលើកស្ទួយដល់សេវាដឹកជញ្ជូន និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា៕

Loading...