អចលន​ទ្រព្យ

ផ្សាររាត្រីកុងតឺន័រ ផាម ណាយ ម៉ាឃីត បើកដំណើរការ នៅក្នុងខេត្តសៀមរាប

ផ្សាររាត្រីកុងតឺន័រថ្មីមួយទៀតនៅខេត្តសៀមរាប គឺផ្សាររាត្រីកុងតឺន័រ ផាមណាយម៉ាឃីត (Palm Container Night Market) បានបើកឱ្យដំណើរការ កាលពីពេលថ្មីៗនេះ ដែលមានទីតាំង ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ទល់មុខសណ្ឋាគារសុខាសៀមរាប។ នេះបើយោងតាមការឲ្យដឹងពី ទីភ្នាក់ងារសារព័ត៌មានជាតិ។

លោក យន់ សេងហាក់ នាយកក្រុមហ៊ុន ផាម ណាយ ម៉ាឃីត បានឲ្យដឹងថា មូលហេតុនៃការ វិនិយោគ បើកឱ្យដំណើរការផ្សាររាត្រីកុងតឺន័រនេះ គឺដោយសារតែ ខេត្តសៀមរាប មានសក្តានុពលលើវិស័យទេសចរណ៍ ហើយលោកចង់ចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នេះ ដូចជាការ ទាក់ទាញ់ភ្ញៀវទេសចរឱ្យស្នាក់នៅ ខេត្តសៀមរាបបានយូរ។

លោក ទៀ សីហា អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ការសម្ពោធដាក់ឱ្យដំណើរការផ្សាររាត្រីកុងតឺន័រ ផាម ណាយ ម៉ាឃីត នៅពេលនេះ ជាការរីកចម្រើនថ្មីមួយ ទៀតសម្រាប់ខេត្តសៀមរាប និងជាប្រភពចំណូលសម្រាប់ប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា ខេត្តសៀមរាប ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេស ដោយផ្អែកលើសក្តានុពលទេសចរណ៍ ភាពសម្បូរបែបនៃប្រាសាទបុរាណ រមណីយដ្ឋានប្រវត្តិសាស្រ្តធម្មជាតិ ហើយផ្សាររាត្រីកុងតឺន័រ ផាម ណាយ ម៉ាឃីត ក៏ជាចំណែកមួយផងដែរ ក្នុងការទាក់ទាញ់ភ្ញៀវទេសចរឱ្យស្នាក់នៅខេត្តសៀមរាបបានយូរ ជាពិសេសគឺផ្តល់ឱកាសការងារ ដល់ប្រជាពលរដ្ឋកម្ពុជាបានធ្វើ កាត់បន្ថយការចំណាកស្រុក។

គួរបញ្ជាក់ថា នៅក្នុងខេត្តសៀមរាបបច្ចុប្បន្ននេះ មានផ្សារកុងតឺន័រប្រមាណ ៤កន្លែងហើយ ក្នុងនោះ ផ្សារដែលមានដំណើរការគឺមានចំនួន ៣ហើយ និងមួយកន្លែងទៀតកំពុងតែរៀបចំ៕

មតិយោបល់