អចលន​ទ្រព្យ

ចំណតក្រោមដី ៣១០ចំណត កណ្តាលក្រុងភ្នំពេញ គ្រោងបើកដំណើរការនៅដើមឆ្នាំ២០១៨

ចំណតក្រោមដី ៣១០ចំណត ជម្រៅ ២ជាន់ ទល់មុខព្រះសក្យមុនីចេតីយ៍ គ្រោងនឹងបើកដំណើរការនៅដើមឆ្នាំ ២០១៨ខាងមុខនេះហើយ។

ការសាងសង់ចំណតក្រោមដីនេះ នឹងជួយដោះស្រាយដល់បញ្ហាកកស្ទះចរាចរណ៍ក្នុងទីក្រុង ដូច្នេះ ការរៀបចំចំណតក្រោមដី ជាមធ្យោបាយល្អមួយ ក្នុងការចូលរួមចំណែកកាត់បន្ថយការកកស្ទះ។

សាលារាជធានីភ្នំពេញ កំពុងត្រួតពិនិត្យលក្ខណ:បច្ចេកទេស គម្រោងរៀបចំចំណតរថយន្តក្រោមដី និងកន្លែងសេវាកម្មផ្សេងៗទៀត ដែលស្ថិតលើចន្លោះផ្លូវ ១០៦, ១០៨, ១៣, ១៩ ក្នុងសង្កាត់វត្តភ្នំ។

លោក អៀង អូននី អភិបាលរងរាជធានីភ្នំពេញ និង ក្រុមហ៊ុន អ៊ីឌីស៊ីយូតា ខេមបូឌា ខូអិលធីឌី ក៏បានពិភាក្សាគ្នាអំពី ប្លង់បច្ចេកទេសគម្រោងនេះ ដែលត្រូវបានសម្រេចទទួលយក តែក្រុមហ៊ុនត្រូវតែសិក្សាបន្ថែមអំពី ស្ថានភាពទីតាំងឲ្យបានច្បាស់លាស់ ដូចជាប្រព័ន្ធទឹកស្អាត អគ្គិសនី ប្រព័ន្ធលូសាធារណ:ដែលកប់ក្រោមដីជាដើម។

លើសពីនេះទៅទៀត ក្រុមហ៊ុនក៏ត្រូវសិក្សាពី សោភ័ណភាពផ្នែកខាងលើឲ្យមានភាពទាក់ទាញ និងសិក្សាបន្ថែមនូវផលប៉ះពាល់គ្រោះថ្នាក់ដោយធម្មជាតិ ដូចជាទឹកជំនន់ ដើម្បីបង្ការទុកនូវ បញ្ហាដែលមិនអាចដឹងជាមុន។

គួរបញ្ជាក់ដែរថា គម្រោងនេះ ស្ថិតនៅពីមុខព្រះសក្សមុនីចេតិយ៍ ចន្លោះអគារកាណាឌីយ៉ា និងអគារវឌ្ឍន:៕

មតិយោបល់