អចលន​ទ្រព្យ

ទុនវិនិយោគវិស័យសំណង់ក្នុងឆ្នាំ២០១៧ មានជាង ៦.៤ពាន់លានដុល្លារ កើនឡើង ២២%

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់​ចេញ​នូវ កា​របន្តជំរុញ​​អភិ​វឌ្ឍ​ន៍​​វិស័​យ​​សំណង់ ដែលទុនវិនិយោគ​នៅក្នុងឆ្នាំ ២០១៧ មានជាង ៦,៤០០លានដុល្លារ​អាមេ​រិក ​គឺកើន​​ឡើង​​ជិត ​​​២២ភាគរយ ធៀបនឹងឆ្នាំ២០១៦ និងផ្ដល់ការងារ​ប្រចាំថ្ងៃជូនយុវជនប្រមាណ ២សែននា​ក់​។ នេះបើយោង​តាមសេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ក្រសួងរៀបចំដែនដី បានដាក់ចេញនូវទិសដៅឆ្នាំ ២០១៨ ដោយជំរុញការប្រកាស​តំបន់វិនិច្ឆ័យ​តាមភូមិ​នៅ​ទូ​ទាំ​ង​ប្រទេស​ ដើម្បីពន្លឿនការ​ចុះបញ្ជីដី មាន​លក្ខណ:​ជាប្រព័ន្ធ ដែល​បច្ចុប្បន្ន​សម្រេចបាន ៦៦.៤ភាគរយ នៃក្បាលដី​ប៉ាន់ស្មាន​សរុបប្រមាណ​ ៧លានក្បាលដី។

ក្នុងរបាយការណ៍​បានលើក​ឡើង​ទៀតថា ​គ្រប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ​​សា​ធា​រណ:​សំណង់ផ្ដល់ជូន​សាធារណជន និងលំហសាធារណ: ដូចជាបណ្ដាញផ្លូវ ផ្លូវ​ថ្មើរ​ជើង​ ចិញ្ចើមផ្លូវ សួនច្បារ ចំណតយានយន្ត ស្ថានីយ៍រថភ្លើង ព្រលានយន្តហោះ អគាររដ្ឋបាល សាលារៀន គ្រឹះស្ថានអប់រំ មន្ទីរពេទ្យ មណ្ឌលសុខភាព និង គម្រោងសាងសង់បុរី លំនៅឋាន សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារ រោងចក្រ និងអគារឯកជន ផ្សេងៗទៀត ត្រូវចាត់ចែង​ឱ្យ​មាន​ទីក​ន្លែង បរិក្ខារ និងសេវា​សម្រាប់​ជនពិការ​គ្រប់ប្រភេទ ដូចជាការរៀប​ចំផ្លូវជម្រាល ផ្លូវដើរ ជណ្ដើរ បង្កាន់ដៃសុវត្ថិភាព ភ្លើងសញ្ញា ស្លាកសញ្ញា និងបរិក្ខារជំនួយ​សុវត្ថិភាព​ផ្សេងៗ​សម្រា​ប់​​​ជនពិការ។

លើសពីនេះទៀត ក្រសួងប្រកាសបន្តការពារដីចំណីឆ្នេរ និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ កម្ពុជា ដោយរៀបចំយុទ្ធសា​ស្ត្រ​​​ជាតិ​សមាហរណកម្មការ​អភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា ផែនការរៀបចំដីខេត្ត ប្លង់គោល​ប្រើ​ប្រា​ស់​​ដីក្រុង ផែនទី​ឆ្នេរសមុទ្រ​ ដីឆ្នេរសមុទ្រ ​និងប្លង់គោលប្រើប្រាស់ដីកោះ នៅខេត្តទាំង៤ នៃ​​តំបន់ឆ្នេរសមុទ្រកម្ពុជា។

របាយការណ៍បានលើកឡើងទៀតថា ក្រសួងរៀបចំដែនដីបន្ដពង្រីកកិច្ចសហ​ប្រ​តិបត្តិការជាមួយ ​វិស័យឯកជន​ក្នុង​ការអនុវត្ត «គោលនយោបាយ​លើកទឹកចិត្ត និងការបង្កើត​​កម្ម​វិធីជាតិសម្រាប់​ការអភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ»​ ​ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋ​​ដែ​ល​មាន​ចំណូលមធ្យម ចំណូលទាប និងជនងាយរងគ្រោះ។

ក្នុងនោះ បន្តធ្វើ​ប្រតិភូកម្ម​ដល់​រដ្ឋបា​ល​ស្រុក​​ដែលបានរៀបចំ​លក្ខណ:សម្បត្តិសមស្រប​ចំនួន ៤៤ស្រុកបន្ថែមទៀត ក្នុង​ការចេញលិ​ខិត​​អនុញ្ញាតសាងសង់​លំនៅឋាន ដែល​មានផ្ទៃក្រឡាសំណង់​មិនលើសពី​៥០០ម៉ែត្រការ៉េ និង​​កម្ពស់​មិនលើស​ពី ២ជាន់ គិតទាំងជាន់​ផ្ទាល់ដី ​ដើម្បីឈានទៅសម្រេច​បាន ៩០ ក្រុង ស្រុ​ក​ ខណ្ឌ ត្រឹមឆ្នាំ ២០១៨ ដែល​បច្ចុប្បន្នបាន​ធ្វើប្រតិភូកម្ម​ដល់ក្រុង ស្រុក ខណ្ឌចំនួន ៤៦រួច​ហើយ។

ក្រសួងរៀបចំដែនដីបានប្រកាសបន្តពង្រឹងការប្រមូលចំណូលថវិកាជាតិ ដែលនៅឆ្នាំ ២០១៧នេះ ប្រមូលចំណូល​បា​ន​ជិ​ត ៩៣​លានដុល្លារ កើនឡើង ​២១លានដុល្លារ បើធៀបនឹង​ឆ្នាំ២០១៦៕

មតិយោបល់