Post News Media អចលន​ទ្រព្យ កំពង់ផែកាណូតល...

កំពង់ផែកាណូតល្បឿនលឿន គ្រោងបោះទីតាំង ១៥កន្លែងពី ព្រែកព្នៅដល់តាខ្មៅ

ក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យកំណត់ទីតាំងស្ថាបនាផែ និងស្ថានីយ៍អ្នកដំណើរ សម្រាប់សេវាដឹកជញ្ជូនផ្លូវទឹកតាមដងទន្លេ ចំនួន ១៥ទីតាំង ដូចខាងក្រោម៖
រាជធានីភ្នំពេញ:
– *ទី១: គល់ស្ពានព្រែកព្នៅត្រើយខាងកើត (កំពុងពិចារណា)
ទី២: គីឡូម៉ែត្រលេខ៦
ទី៣: ខាងមុខឃ្លាំងសាំងឬស្សីកែវជាប់ នឹងទីលានប្រជាធិបតេយ្យថ្មី
ទី៤: ផែបណ្ដែតមុខផ្សាររាត្រី
ទី៥:​​ កំពង់ចម្លងកោះពេជ្រ-អរិយក្សត្រ
ទី៦: ភូមិដើមចាន់ ឬគល់ស្ពានក្បាលថ្នល់ខាងកើត
ទី៧: ចំណតរថយន្តចាក់អង្រែក្រោម
ទី៨: បាក់ខែង ត្រង់ផ្លូវបំបែកលីយ៉ុងផាត់
ទី៩: ទល់មុខផ្សារព្រែកលៀប (កំពង់ចម្លងព្រែកលៀប)
ទី១០:​​ ជាប់សណ្ឋាគារសុខាភ្នំពេញ
ទី១១: ភូមិកោះនរា
ទី១២: កំពង់ចម្លងក្តីតាកុយ
ទី១៣: កំពង់ចម្លងតាព្រហ្មមាត់ក្រសះ

ខេត្តកណ្តាល:
*- ទី១: មុខវត្តព្រែកសំរោងក្រុងតាខ្មៅ (កំពុងពិចារណា)
ទី២: កំពង់ចម្លងរោងចក្រក្តាបន្ទះផ្លូវត្រី

កប៉ាល់សាធារណ:ល្បឿនលឿន នឹងរត់ពីស្ពានព្រែកព្នៅ ដល់ក្រុងតាខ្មៅ ដែលគ្រោងនឹងដាក់ឲ្យដំណើរការ មុនបុណ្យចូលឆ្នាំ ២០១៨ខាងមុខនេះ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយសារមានកញ្ចប់ថវិកាមួយចំនួនហើយ រដ្ឋាភិបាល នឹងចាប់ផ្តើមសង់ផែមួយចំនួន នឹងដាក់កប៉ាល់ ២ ៣គ្រឿង ឲ្យចាប់ផ្តើមរត់សាកល្បង។

កប៉ាល់នេះ នឹងដឹកអ្នកដំណើរតាមទន្លេសាប ទន្លេចតុមុខ ទន្លេបាសាក់ ប្រតិបត្តិការចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៨ យប់ ដោយបើកបរក្នុងល្បឿន ៣០ ទៅ ៤០គីឡូម៉ែត្រ/ម៉ោង។

បើគិតជារយ:ចម្ងាយគឺប្រមាណ ២៥គីឡូម៉ែត្រ (ទៅមក ៥០គីឡូម៉ែត្រ) ដោយមានចំណតអ្នកដំណើរចំនួន ៩កន្លែង ដោយមានរយ:ពេលឈប់ចត ៥នាទី។

ការសាងសង់ គ្រោងនឹងចំណាយពេល ១៤ខែ ដោយផែនការគ្រោងប្រតិបត្តិការ នៅខែ មេសា ឆ្នាំ ២០១៨ខាងមុខនេះ។

ដោយសារប្រទេសកម្ពុជា សម្បូរផ្លូវទឹកខ្វាត់ខ្វែង ដូចជាទន្លេមេគង្គ ទន្លេសាប បាសាក់ សេសាន -ល- ដូច្នេះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ត្រូវតែប្រើប្រាស់ឲ្យអស់ពីលទ្ធភាព ហើយការប្រើប្រាស់កាណូតសាធារណ:នេះ គឺដើម្បីកាត់បន្ថយការកកស្ទះចរាចរ និងកាត់បន្ថយចំណាយនានា ដែលបង្កដោយការកកស្ទះចរាចរណ៍។

ការដឹកជញ្ជូនតាមផ្លូវទឹកនេះ មិនមែនត្រឹមតែដឹកអ្នកដំណើរនោះទេ គឺដឹកកសិផលទាំងអស់មកពីខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង -ល- មកកំពង់ផែភ្នំពេញ ដើម្បីឡើងកប៉ាល់ធំៗដឹកទៅបរទេស។

គួរជម្រាបដែរថា ការប្រើប្រាស់កាណូតសាធារណ: នឹងជួយកាត់បន្ថយការចំណាយបានច្រើន ព្រមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍ ជាពិសេសគឺ អ្នកដំណើរអាចលម្ហែ និងកាត់បន្ថយពេលវេលាធ្វើដំណើរផងដែរ៕

 

Loading...