Post News Media អចលន​ទ្រព្យ វិទ្យាស្ថានបណ...

វិទ្យាស្ថានបណ្តុះបណ្តាលសេវាថែទាំមនុស្សចាស់របស់ជប៉ុន នឹងលេចឡើងនៅកម្ពុជា

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:បានទទួលជួបលោក Kondo Yoshio ប្រធានក្រុមហ៊ុន Procast (CAMBODIA) Co., Ltd. ដើម្បីពិភាក្សាពីការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលសេវាថែទាំមនុស្សចាស់ និងការបញ្ជូនកម្មសិក្សាការីទៅបម្រើការងារនៅប្រទេសជប៉ុន។

វិទ្យាស្ថានថែទាំមនុស្សចាស់នេះ គ្រោងបង្កើតឡើងនៅខែ មេសា ឆ្នាំ ២០១៨ខាងមុខនេះ នឹងបណ្តុះបណ្តាលដល់សិក្ខាកាមកម្ពុជា ដែលមានបំណងចង់ទៅធ្វើការនៅប្រទេសជប៉ុន ឲ្យយល់ដឹងពីវិធីសាស្រ្តមើលថែទាំមនុស្សចាស់បានយ៉ាងល្អ ដែលក្នុងនោះមានការបណ្តុះបណ្តាលជាភាសាជប៉ុន ចិត្តវិទ្យាក្នុងការថែទាំមនុស្សចាស់ និងការសង្គ្រោះបឋមជាដើម ចំពោះគ្រូបណ្តុះបណ្តាល សុទ្ធតែជាគ្រូជនជាតិជប៉ុន។

ជាមួយគ្នានោះដែរ លោក Kondo yoshio ក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា ក្រុមហ៊ុនរបស់លោកបានបញ្ជូនពលករកម្ពុជាទៅបម្រើការងារនៅជប៉ុនបាន ២០០នាក់រួចមកហើយ ហើយក្រុមហ៊ុនគ្រោងនឹងបង្កើនឲ្យដល់ ៣០០នាក់ នៅឆ្នាំ ២០១៨នេះ។

លោកលើកឡើងទៀតថា ដោយសារតែមានកិច្ចសហការល្អជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ទើបក្រុមហ៊ុនបញ្ជូនកម្មសិក្សាការីក្នុងចំនួននេះ ប្រព្រឹត្តទៅដោយជោគជ័យ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានសាទរ ចំពោះវិទ្យាស្ថានថែទាំមនុស្សចាស់នេះ ហើយលើកឡើងថា វិទ្យាស្ថាននេះជាថ្នាក់បណ្តុះបណ្តាលសេវាថែទាំមនុស្សចាស់ដំបូងបំផុតនៅកម្ពុជា ក្នុងការបណ្តុះបណ្តាលសេវាថែទាំមនុស្សចាស់ដល់ពលករកម្ពុជា ដែលនឹងទៅបម្រើការងារលើសេវាថែទាំមនុស្សចាស់នៅប្រទេសជប៉ុន និងជាដៃគូដំបូងបំផុតក្នុងការសហការជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:។

តាមរយ:ការចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នាស្តីពី ការបញ្ជូនកម្មសិក្សាការីបច្ចេកទេសទៅធ្វើកម្មសិក្សា និងធ្វើការនៅខេត្តអិហ៊ិម៉ិ នៃប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ នឹងជួយឲ្យក្រុមហ៊ុន Procast (CAMBODIA) Co., Ltd នេះអាចបង្កើនចំនួនកម្មសិក្សាការីទៅបម្រើការងារនៅប្រទេសជប៉ុនបានកាន់តែច្រើនបន្ថែមទៀត ព្រោះក្រុមហ៊ុនមានបទពិសោធន៍គ្រប់គ្រាន់ ដើម្បីអនុវត្តនៃនីតិវិធីនៃការបញ្ជូនកម្មសិក្សាការីនេះរួចមកហើយ៕

Loading...