Post News Media អចលន​ទ្រព្យ អគារមាស ៤២ជាន...

អគារមាស ៤២ជាន់ បើកការដ្ឋានបន្តការសាងសង់ឡើងវិញ

អគារ Gold Tower ៤២ជាន់ ដែលត្រូវបានគេទុកចោល ពុំមានការសាងសង់ នៅពេលនេះ មានក្រុមហ៊ុនចិន ប្រកាសសម្រេចចាប់ផ្តើមបន្តសាងសង់ឡើងវិញ ដោយចំណាយទឹកប្រាក់វិនិយោគប្រមាណ ១៤០លានដុល្លារអាមេរិកបន្ថែមទៀត។

ក្រុមហ៊ុនកូរ៉េ YunWoo ជាម្ចាស់អគារ ៤២ជាន់ បានចុះហត្ថលេខាជាមួយក្រុមហ៊ុនចិនចំនួន ២ គឺ ក្រុមហ៊ុន Hong Tao Decoration និងក្រុមហ៊ុន Waiman Construction & Engineering នឹងធ្វើការរួមគ្នា ដើម្បីសម្រេចនូវគម្រោងនៅ ចុងឆ្នាំ ២០១៩ខាងមុខនេះ។

លោក Kim Tae Yeon អគ្គនាយកក្រុមហ៊ុន YunWoo បានថ្លែងឲ្យដឹងថា អគារនេះ នឹងចាប់ផ្តើមបើកលក់ជាថ្មី នៅពេលគ្រោងអគារបញ្ចប់ ដើម្បីឲ្យអតិថិជនកាន់តែមានទំនុកចិត្តថា វានឹងទទួលបានជោគជ័យ។

លោកបន្តថា មកទល់ពេលនេះ អគារ ៤២ជាន់នេះ បានចំណាយទឹកប្រាក់ ១០០លានដុល្លាររួចហើយ ដែលនឹងបន្តចំណាយប្រមាណ ១៤០លានដុល្លារទៀត ដើម្បីបញ្ចប់គម្រោងនេះជាផ្លូវការ។

នៅក្នុងអគារមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ មួយនេះ មានចំណតយានយន្តក្រោមដី ៥ជាន់ មានផ្សារទំនើប អគារការិយាល័យ និងខុនដូ ប្រមាណ ៣៩៩យូនីត។

លោក Liu Nian Xin អគ្គនាយកក្រុមហ៊ុន Hong Tao Decoration បានលើកឡើងថា គុណភាពអគារនេះ នៅល្អណាស់ មិនមានបញ្ហាអ្វីក្នុងការសាងសង់បន្តនោះទេ ហើយនឹងបញ្ចប់ការសាងសង់តាមផែនការ ពោលគឺ បញ្ចប់គ្រោងអគារនៅខែសីហា ឆ្នាំ ២០១៨ និងបញ្ចប់គម្រោងទាំងស្រុងនៅចុងឆ្នាំ ២០១៩។

គួរជម្រាបដែរថា អគារ Gold Tower ៤២ជាន់នេះ គ្រោងនឹងចំណាយសរុប ២៤០លានដុល្លារអាមេរិក ដែលបច្ចុប្បន្នសាងសង់បាន ៣១ជាន់រួចហើយ បន្ទាប់ពីផ្អាកការសាងសង់អស់រយ:ពេលជិត ១០ឆ្នាំមកហើយ គិតត្រឹមឆ្នាំ ២០០៨៕

 

Loading...