អចលន​ទ្រព្យ

ក្រុមហ៊ុនថៃចំនួន ២ ស្នើបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅតំបន់ប៉ោយប៉ែត

កាលពីពេលថ្មីៗនេះ ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានជួបពិភាក្សាជាមួយប្រតិភូក្រុមហ៊ុនថៃ ដែលមានតំណាងមកពីក្រុមហ៊ុន CP Cambodia Co,Ltd និងក្រុមហ៊ុន SETTAWUT HOLDING LTD. ក្នុងគោលបំណងស្វែងយល់ការវិនិយោគនៅកម្ពុជា ក្នុងកម្មវត្ថុអាជីវកម្មមួយ ចំនួនដូចជា៖បង្កើតតំបន់សេដ្ឋកិច្ចពិសេស (SEZ)- ផ្នែកអចលនទ្រព្យ និងសំណង់សណ្ឋាគារ។

ជាលទ្ធផល ឯកឧត្តម ចម ប្រសិទ្ធ បានជម្រាបជូនថា រាជរដ្ឋាភិបាលមានគោលនយោបាយលើកទឹកចិត្ត ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅតាមបណ្តាតំបន់ជាប់ព្រំដែន ហើយចំពោះ គោលបំណងរបស់ភាគីថៃចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅតំបន់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានណែនាំពិនិត្យលទ្ធភាព នៅច្រកស្ទឹងបត់ និងច្រកអូរនាង ឬក៏អាចបង្កើតរោងចក្រ នៅក្នុងតំបន់សេដ្ឋកិច្ច ដែលមានស្រាប់នៅទីនោះក៏ជាការល្អ។

ទាក់ទងនឹងសំណង់សណ្ឋាគារ ឯកឧត្តម ទេសរដ្ឋមន្ត្រីលើកទឹកចិត្តឲ្យ ការវិនិយោគនៅខេត្តសៀមរាប ដែលជាខេត្តគោលដៅទេសចរណ៌ដ៏សំខាន់របស់ពិភពលោក ។

ចំពោះការវិនិយោគផ្នែកអចលនទ្រព្យ គឺកំពុងមានសក្តានុពល ស្របពេលដែលរាជធានីភ្នំពេញកំពុងពង្រីកវិសាលភាពកាន់តែធំ ហើយតំបន់ជុំវិញក្រុងក៏មានការរីកចម្រើនផងដែរ ក្នុងនោះ ក៏មានការលើកទឹកចិត្តឲ្យមាន ការវិនិយោគបង្កើតផ្សារទំនើបផងដែរ ។

ជាចុងក្រោយ តំណាងភាគីថៃ បានថ្លែងអំណរគុណ សម្រាប់អនុសាសន៍ដ៏មានសារ:សំខាន់សម្រាប់គម្រោងវិនិយោគរបស់ពួកគេ ហើយនឹងសហការចុះស្វែងយល់ជាក់ស្តែងបន្តទៀត នាពេលខាងមុខឆាប់ៗនេះ៕

មតិយោបល់