អចលន​ទ្រព្យ

នៅថ្ងៃនេះ សណ្ឋាគារបុរាណ Le Bokor Palace អាយុជិត ១០០ឆ្នាំ បើកដំណើរការឡើងវិញ

សណ្ឋាគារ ឡឺ បូកគោ ផាឡេស ជាអគារបុរាណដ៏មានតម្លៃក្នុងប្រទេសកម្ពុជា នឹងត្រូវបើកដំណើរការឡើងវិញនៅថ្ងៃសុក្រ ទី៩ ខែកុម្ភ: ឆ្នាំ២០១៨។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ Le Bokor Palace។

សណ្ឋាគារដ៏ប្រណីត និងប្រវត្តិសាស្រ្តមួយនេះត្រូវបានបើកលើក១ នៅ ថ្ងៃទី ១៤ ខែកុម្ភ: ឆ្នាំ១៩២៥ ដោយ Mr. François-Marius Baudoin និងបើកដំណើរការជាលើកទី២ ដោយព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ក្នុងឆ្នាំ ១៩៦២។

សណ្ឋាគារនេះ ត្រូវបានគេបោះបង់ចោលក្នុងសង្គ្រាមឥណ្ឌូចិនលើកទីមួយ ក្នុងកំឡុងឆ្នាំ ១៩៤០ និងដើម្បីរត់គេចពីខ្មែរក្រហមនៅឆ្នាំ១៩៧២។

សណ្ឋាគារដ៏ប្រណីត និងប្រវត្តិសាស្រ្តមួយនេះ ត្រូវបានសាងសង់ឡើងតាំងពីទស្សវត្សរ៍ឆ្នាំ ១៩២០ ហើយកំពុងត្រូវបានជួសជុល ដើម្បីបើកដំណើរការឡើងវិញនៅត្រីមាសទី១ ក្នុងឆ្នាំ ២០១៨នេះ ដោយក្រុមហ៊ុនសុខាអូតែល។

សណ្ឋាគារ ឡឺ បូកគោ ផាឡេស កម្ពស់ ៤ជាន់ មានបន្ទប់ស្នាក់នៅចំនួន ៣៦បន្ទប់ និងភោជនីយដ្ឋានចំនួន ២ បម្រើជូននូវម្ហូបចម្អិនឡើងពីបន្លែស្រស់ដែលដាំនៅលើភ្នំបូកគោ និងគ្រឿងផ្សំដែលត្រូវបានជ្រើសរើសផ្ទាល់ដោយចុងភៅដ៏ចំណាន។

ស្ថិតនៅលើកំពូលភ្នំបូកគោ ឡឺ បូកគោ ផាឡេស ជាសណ្ឋាគារប្រណីត និងប្រវត្តិសាស្រ្តដែលផ្តល់នូវទស្សនីយភាពដ៏អស្ចារ្យនៃភ្នំ និងឆ្នេរសមុទ្រ ដែលត្រូវបានគេស្គាល់ថាជារមណីយដ្ឋានបែបសុខភាពជួយព្យាបាលជំងឺដោយធម្មជាតិ ដល់អ្នកមកកម្សាន្ត៕

មតិយោបល់