Post News Media អចលន​ទ្រព្យ គម្រោងពង្រីកផ...

គម្រោងពង្រីកផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ពី ២ ទៅ ៤គន្លង សិក្សាជិតរួចរាល់ហើយ

តាមការសិក្សារបស់ អង្គការចៃការ (JICA) លើការអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ប្រវែង ១៧០គីឡូម៉ែត្រ គឺអាចនឹងចំណាយទុនសាងសង់ប្រមាណ ៣ពាន់លានដុល្លារអាមេរិក នឹងរយ:ពេលសាងសង់ ១០ឆ្នាំ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងកាលពីពេលថ្មីៗនេះថា គម្រោងនេះ អង្គការ JICA ជិតបញ្ចប់ការសិក្សាទាំងស្រុងហើយ។

លោក បន្តថា ការកសាង និងពង្រីកផ្លូវជាតិសំខាន់ៗនេះរាជរដ្ឋាភិបាលមានទិសដៅ ច្បាស់លាស់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធជា ពិសេសប្រព័ន្ធផ្លូវថ្នល់ ដែលចាត់ទុកជាសរសៃឈាម ក្នុងការធ្វើចរាចរណ៍ ការធ្វើដំណើរ ដឹកជញ្ជូននៅទូទាំងប្រទេស។

ការសិក្សាគម្រោងមានគោលបំណង ស្វែងរកលទ្ធភាព និងអត្ថប្រយោជន៍នៃការសាងសង់ផ្លូវល្បឿនលឿននេះ ហើយអត្ថប្រយោជន៍នៃគម្រោងនេះ រួមមាន ការកែលម្អ ការភ្ជាប់ទំនាក់ទំនង ការអភិវឌ្ឍន៍ក្នុងតំបន់ កាត់បន្ថយពេលធ្វើដំណើរ កាត់បន្ថយចំណាយលើការដឹកជញ្ជូន កាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ និងពង្រីកពាណិជ្ជកម្មជាមួយបណ្តាប្រទេសជិតខាង។

គម្រោងផ្លូវល្បឿនលឿននេះ នឹងក្លាយជាកាតាលីករ កាត់បន្ថយគ្រោះថា្នក់ចរាចរណ៍ និងជម្រុញការទាក់ទាញភ្ញៀវទេសចរ ជាពិសេសគឺសម្រួលដល់ការដឹកជញ្ជូនបានកាន់តែច្រើន។

គម្រោងផ្លូវល្បឿនលឿននេះ គ្រោងចំណាយទឹកប្រាក់ប្រមាណ ៣ពាន់លានដុល្លារអាមេរិក ក្រោមជំនួយហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលជប៉ុន ដែលគ្រោងបញ្ចប់ការសាងសង់មុនឆ្នាំ ២០៣០ ហើយគម្រោងនេះ នឹងជួយលើកស្ទួយដល់សេដ្ឋកិច្ចប្រទេសកម្ពុជាផងដែរ។

រីឯគម្រោងផ្លូវល្បឿនលឿនរបស់ប្រទេសវៀតណាម តភ្ជាប់ពីព្រំប្រទល់វៀតណាម (ខេត្ត Tay Ninh) ទៅទីក្រុងហូជីមិញ មានប្រវែង ៥៥គីឡូម៉ែត្រ គ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ ៧០០លានដុល្លារអាមេរិក ហើយនឹងបញ្ចប់ការសាងសង់ក្នុងរយ:ពេល ១០ឆ្នាំ។

យោងតាមសារព័ត៌មានក្នុងស្រុករបស់ប្រទេសវៀមណាម ផ្លូវល្បឿនលឿនគឺមាន ៦គន្លង ដែលអនុញ្ញាតិឲ្យអ្នកបើកបរ អាចធ្វើដំណើរក្នុងល្បឿន ១២០គីឡូម៉ែត្រក្នុង ១ម៉ោង។

គួរជម្រាបផងដែរថា នៅពេលគម្រោងផ្លូវល្បឿនលឿននេះបញ្ចប់ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងបន្តកើនឡើងកាន់តែខ្លាំង និងជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាទាំងមូល ដោយតភ្ជាប់ទៅកាន់ប្រទេសក្នុងតំបន់អាស៊ាន៕

Loading...