Post News Media អចលន​ទ្រព្យ លំនៅដ្ឋានតម្ល...

លំនៅដ្ឋានតម្លៃសមរម្យ វើលដ៏ប្រ៊ីដ ហូម នឹងសម្ពោធសាងសង់ជាផ្លូវការ នៅខែមីនាខាងមុខនេះ

កាលពីម្សិលមិញនេះ លោក យក់ សុធីរិទ្ធ នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន វើលដ៏ប្រ៊ីដ ហូម បានថ្លែងឲ្យដឹងថា គម្រោងលំនៅដ្ឋានតម្លៃសមរម្យ វើលដ៏ប្រ៊ីដ ហូម នឹងសម្ពោធសាងសង់ជាផ្លូវការ នៅខែមីនាខាងមុខនេះ ហើយគ្រោងនឹងបញ្ចប់ទាំងស្រុងនៅឆ្នាំ ២០១៩។

លោក យក់ សុធីរិទ្ធ បានបន្តទៀតថា បច្ចុប្បន្ន ក្រុមហ៊ុន បាននិងកំពុងចាក់ដីបំពេញតាមផែនការ សិក្សាបច្ចេកទេសពីកម្ពស់ដី ប្រៀបនឹងកម្ពស់ផ្លូវថ្នល់ ក៏ដូចជាគូសព្រំប្រទល់ផ្ទះ ផ្លូវ សម្រាប់ការសាងសង់នាពេលខាងមុខ។

យ៉ាងណាមិញ ដើម្បីឆ្លើយតបទៅនឹងចម្ងល់ និងភាពស្រពិចស្រពិលរបស់អតិថិជន ដែលយល់ថា គម្រោងនេះជារបស់រដ្ឋ និងលក់លើសពីតម្លៃកំណត់ លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA ដែលទទួលបានសិទ្ធិលក់គម្រោងនេះ បានថ្លែងឲ្យដឹងថា គម្រោងលំនៅដ្ឋានតម្លៃសមរម្យ វើលដ៏ប្រ៊ីដ ហូម ជាគម្រោងរបស់ក្រុមហ៊ុនឯកជនសុទ្ធសាធ ប៉ុន្តែទទួលបានការគាំទ្រ ការលើកទឹកចិត្ត និងការសហការពី រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍គម្រោងប្រភេទនេះ។

លោកឧកញ៉ា បន្តទៀតថា គម្រោងនេះ គឺលក់ជូនអតិថិជន ដោយតម្លាភាព ដោយគុណធម៌ គ្មានការឆ្លៀតឱកាស គ្មានការរើសអើងចំពោះអតិថិជនណាម្នាក់ឡើយ យ៉ាងណាមិញ អតិថិជនត្រូវបំពេញលក្ខខណ្ឌគ្រប់គ្រាន់ និងទទួលបានការវាយតម្លៃយ៉ាងត្រឹមត្រូវតាមប្រព័ន្ធបច្ចេកទេស មុននឹងឈានដល់ការទទួលបានសិទ្ធិទិញផ្ទះក្នុងគម្រោងនេះ។

លើសពីនេះទៅទៀត ក្រុមហ៊ុន វើលដ៏ប្រ៊ីដ ហូម បានសម្រេចអនុញ្ញាតឲ្យ អតិថិជនរបស់គម្រោងបង់ប្រាក់ស្ថិតតែ ៥% ឬ ១០%នៃតម្លៃផ្ទះតែប៉ុណ្ណោះ ហើយអាចបង់បង្រ្គប់ប្រាក់កក់ឲ្យគ្រប់ចំនួន ២០% ឬ ២៥% ឬ ៣០% នៃតម្លៃផ្ទះរហូតដល់រយ:ពេល ២៤ខែ ដោយគ្មានការប្រាក់អ្វីទាំងអស់ជាមួយក្រុមហ៊ុន។

ក្នុងន័យនេះ អតិថិជននឹងត្រូវបង់ប្រាក់ក្នុងចន្លោះពី ១០៥ដុល្លារ ទៅ ២៥០ដុល្លារក្នុងមួយខែ អាស្រ័យតាមតម្លៃផ្ទះ និងជម្រើសបង់ប្រាក់កក់។ ចំពោះទឹកប្រាក់នៅសល់ ៨០% ឬ ៧៥% ឬ ៧០%ទៀត អតិថិជនត្រូវសុំកម្ចីពី ធនាគារ និងបង់បន្តជាមួយធនាគារ។

ជាចុងក្រោយ លោកឧកញ៉ា នួន រិទ្ធី អំពាវនាវឲ្យ អតិថិជន ដែលជាប់ឈ្មោះក្នុងបញ្ជី មានលក្ខណ:សម្បត្តិទទួលបានសិទ្ធិទិញ រួសរាន់អញ្ជើញមកការិយាល័យលក់ របស់ក្រុមហ៊ុនដោយខ្លួនឯងផ្ទាល់ ដើម្បីជ្រើសរើសផ្ទះ និងបង់ប្រាក់កក់ ហើយបើសិនអតិថិជនខកខាន មិនបានអញ្ជើញមកតាមកាលកំណត់នោះទេ ក្រុមហ៊ុននឹងផ្តល់សិទ្ធដល់អតិថិជនបន្ទាប់។

ដូច្នេះអតិថិជន ដែលមានលក្ខណ:សម្បត្តិអាចទទួលបានសិទ្ធិទិញ អាចអញ្ជើញមកការិយាល័យលក់ របស់ក្រុមហ៊ុនដោយខ្លួនឯងផ្ទាល់ និងត្រូវភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖

១.ពាក្យស្នើសុំទិញលំនៅដ្ឋានតម្លៃសមរម្យជាមួយក្រុមហ៊ុន

២.អត្តសញ្ញាបណ្ណសញ្ញាតិខ្មែរ និងប័ណ្ណសម្គាល់មន្ត្រីរាជការ (សម្រាប់មន្ត្រីរាជការ)

៣.សំបុត្រអាពាហ៍ពិពាហ៍ ឬសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ (បើមាន)។

ទីតាំងនៃគម្រោងលំនៅដ្ឋានតម្លៃសមរម្យ គឺមានចម្ងាយប្រមាណ ៨គីឡូម៉ែត្រពីរង្វង់ក្រុងតាខ្មៅ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ២១ ក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

សម្រាប់ព័ត៌មានបន្ថែម សូមទៅកាន់ការិយាល័យលក់ ស្ថិតនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (ទល់មុខសាលាសង្កាត់ចាក់អង្រែក្រោម) ឬទំនាក់ទំនងតាមរយ:ទូរស័ព្ទលេខ៖ ០៧០ ៩០៥ ៣៣៣/ ០៧០ ៩០៦ ៣៣៣ / ០៧០​ ៩០៧ ៣៣៣៕

 

រូបភាពផ្ទះគំរូពិត មានភ្ជាប់ជូននៅខាងក្រោម

 

 

     

Loading...