អចលន​ទ្រព្យ

ខ្សែរថភ្លើងពីក្រុងភ្នំពេញ-ព្រលានយន្តហោះភ្នំពេញ សាងសង់បានប្រមាណ ១៣០០ម៉ែត្រ

កាលពីពេលថ្មីៗនេះ លោក ស៊ុន​ ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន​បានឲ្យដឹងថា ក្រុមហ៊ុន Royal Group បាននិងកំពុងសាងសង់ជារៀងរាល់យប់ នូវខ្សែរថភ្លើងពីក្រុងភ្នំពេញ-ព្រលានយន្តហោះភ្នំពេញ សម្រេចបានប្រមាណ ១៣០០ម៉ែត្រ ជាខ្សែរថភ្លើងធនស្រាល។

លោកបានពន្យល់ទៀតថា ខ្សែរថភ្លើងនេះ នឹងផ្លូវរថភ្លើងបង្កប់ក្នុងផ្លូវថ្នល់ និងសាងសង់នៅលើផ្លូវដែលមានស្រាប់​ មិនមានរុះរើលំនៅដ្ឋានទេ ហើយរថភ្លើងនឹងឆ្លងកាត់ឆាប់ណាស់ មិនធ្វើឲ្យកកស្ទះចរាចរណ៍ទេ ព្រមទាំងធានាសុវត្ថិភាពទៀតផង។

ផ្លូវដែកដែលកំពុងសាងសង់នេះមានប្រវែងប្រមាណ ១៦០០ម តភ្ជាប់ពីផ្លូវដែកដែលមានស្រាប់ មកកាន់ស្ថានីយ៍កំពុងរៀបចំថ្មី នៅអាកាសយានដ្ឋាន បច្ចុប្បន្នសម្រេចបានប្រមាណ ១៣០០ម គិតចាប់ពីដើមខែមករា ឆ្នាំ២០១៨ ខណ:ដែលស្ថានីយ៍ថ្មីនៅក្នុងអាកាសយានដ្ឋាន កំពុងដំណើរការសាងសង់ ដើម្បីដាក់ឲ្យដំណើរការ មុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តាមការគ្រោងទុក។

អ្វីដែលពិសេស គឺផ្លូវប្រមាណជាង ១គីឡូម៉ែត្រនេះត្រូវបានពង្រីក ទទឹងដល់ទៅ ១៤ម៉ែត្រ មានផ្លូវរថភ្លើងកណ្តាល បង្កប់ក្រោមថ្នល់បេតុង ដែលអនុញ្ញាតឲ្យយានយន្តធ្វើចរាចរណ៍ លើនោះបានដោយមិនមានការព្រួយបារម្ភ។ ដោយឡែកត្រង់កំណាត់ឆ្លងកាត់ផ្លូវសហព័ន្ធរុស្ស៊ី ត្រូវបានបង្កប់ ក្នុងកៅស៊ូអេស៊ីផងដែរ។

ក្រៅពីនេះក្រសួង ក៏នឹងសិក្សាលទ្ធភាពស្នើការសហការពី លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីអនុញ្ញាតឲ្យ មានការកត់ត្រាចូល (Check in) ឥវ៉ាន់របស់អ្នកដំណើរតាមយន្តហោះ ពីស្ថានីយ៍រថភ្លើងភ្នំពេញ ដើម្បី ដឹកជញ្ជូនឥវ៉ាន់តាមរថភ្លើង ដាក់ចូលក្នុងយន្តហោះតែម្តង។

រថភ្លើង ៣គ្រឿង អាចនឹងរត់ពីក្រុងភ្នំពេញ ទៅកាន់ព្រលានយន្តហោះភ្នំពេញ ដែលអាចផ្ទុកអ្នកដំណើរប្រមាណជា ១០០នាក់​ក្នុងមួយគ្រឿង ហើយអ្នកដំណើរអាចជិះដោយឥតគិតថ្លៃ ក្នុង៣ខែដំបូង បន្ទាប់ពីការបើកដំណើរការជាផ្លូវការ។

ផ្លូវរថភ្លើងធនស្រាលថ្មី តភ្ជាប់ពីស្ថានីយ៍រថភ្លើងក្រុងភ្នំពេញ ទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នឹងដាក់ឲ្យដំណើរការជាផ្លូវការ នៅខែមេសា ឆ្នាំ ២០១៨ខាងមុខនេះ ឲ្យបានមុនបុណ្យចូលឆ្នាំខ្មែរមកដល់ ដោយអ្នកដំណើរចំណាយពេលប្រមាណ​ ២៥នាទីប៉ុណ្ណោះ។

រថភ្លើងធនស្រាលមុខ ២ ចំនួន ៣គ្រឿង កំពុងត្រូវបានសាងសង់ឡើង ដើម្បីត្រៀមខ្លួនរត់ពី កណ្តាលក្រុងភ្នំពេញ ទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលគ្រោងនឹងបើកដំណើរការ មុនបុណ្យចូលឆ្នាំខ្មែរមកដល់។

រថភ្លើងនេះ អាចរត់ភ្ជាប់គ្នាម្តងទាំង ៣ ឬអាចរត់ដាច់ដោយឡែកពីគ្នាក៏បាន ហើយអាចរត់ក្នុងទិសដៅ ទាំងទៅ ទាំងមក ដោយមានមុខ ២។

រថភ្លើងធនស្រាលនេះ នឹងសាងសង់ឡើង ស្របតាមស្តង់ដាអន្តរជាតិ ដែលអាចរត់ក្នុងល្បឿន ៨០គីឡូម៉ែត្រក្នុង១ម៉ោង។

គួររម្លឹកដែរថា គម្រោងតភ្ជាប់ផ្លូវរថភ្លើងធនស្រាល នឹងមានខ្សែរត់ ទៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ គឺមានប្រវែងតែ ៣០ម៉ែត្រប៉ុណ្ណោះ ពីផ្លូវដែកដែលមានស្រាប់នៅខាងក្រៅរបងរបស់តំបន់សេដ្ឋកិច្ចពិសេស៕

មតិយោបល់