អចលន​ទ្រព្យ

កំណាត់ផ្លូវជាតិលេខ១ ពីច្បារអំពៅ ដល់ក្តីតាកុយ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

កំណាត់ផ្លូវជាតិលេខ ១ ប្រវែង ៤គីឡូម៉ែត្រ ចាប់ពីគល់ស្ពានព្រះមុនីវង្សដល់ ក្តីតាកុយ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ ១ ដំណាក់កាលទី៤ មានប្រវែងសរុប ៤គីឡូម៉ែត្រ គិតចាប់ពីទីប្រជុំជន ត្រង់ចំណុចគល់ស្ពានព្រះមុនីវង្ស ត្រើយខាងកើត គីឡូម៉ែត្រលេខ ០+០០០ ដល់គីឡួម៉ែត្រ ៤+០០០ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

កំណាត់ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនជប៉ុន ដោយបានចំណាយថវិកាជាង ២៣លានដុល្លារអាមេរិក ក្នុងនោះថវិកាប្រមាណជា ១៦លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន និងថវិកា ៧.៨៧លានដុល្លារអាមេរិក ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយគោលនយោបាយ និងផលប៉ះពាល់។

ផ្លូវជាតិលេខ១ គឺជាសរសៃឈាមដ៏សំខាន់មួយសំរាប់តភ្ជាប់ខេត្តភាគអាគ្នេយ៍នៃ ព្រះរាជាណាចក្រកម្ពុជា មកកាន់រាជធានីភ្នំពេញ រួមមានខេត្តស្វាយរៀង ខេត្តព្រៃវែង រួមនឹងខេត្តកណ្ដាល ហើយបច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការធ្វើឲ្យប្រសើរឡើងផ្លូវជាតិមួយខ្សែនេះ។

គម្រោងស្ថាបនាផ្លូវនេះ មានភាពយឺតយ៉ាវដោយសារតែ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ការដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ និងការធ្វើទៅតាមកម្រិតលក្ខណ:បច្ចេកទេសត្រឹមត្រូវ ដើម្បីធានាគុណភាពផ្លូវប្រើប្រាស់បានយូរអង្វែង។

គួរជម្រាបថា ក្រោយគម្រោងនេះស្ថាបនារួចរាល់ហើយ វានឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍របស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់សោភណភាព ក្នុងរាជធានីភ្នំពេញថែមទៀត៕

មតិយោបល់