អចលន​ទ្រព្យ

គម្រោងស្ពានថ្មី តភ្ជាប់ទៅស្វាយជ្រុំ-អរិយក្សត្រ ទទួលបានភ្លើងខៀវ

គម្រោងសាងសង់ស្ពានថ្មី ឆ្លងទន្លេមេគង្គ តភ្ជាប់ទៅស្វាយជ្រុំ-អរិយក្សត្រ ទទួលបានភ្លើងខៀវ ពីភាគីកូរ៉េហើយ ដែលកូរ៉េ ទទួលយកសំណើ ជួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ក្រោយជំនួបរវាង ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកឧត្តម Oh Nak-Young ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េដែលទើបតែងតាំងថ្មី ប្រចាំកម្ពុជា។

យ៉ាងណាមិញ សេចក្តីប្រកាសព័ត៌មាននេះ ពុំមានបកស្រាយលម្អិត អំពីគម្រោងស្ពាននោះទេ តែបានបង្ហាញពីការឆ្លើយតបទៅនឹង សំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់បានលើកឡើងថា ស្ពានថ្មីឆ្លងទន្លេចំនួន ២ខ្សែ នឹងត្រូវសាងសង់នៅពេលខាងមុខនេះ ដើម្បីតភ្ជាប់ពី ជ្រោយចង្វារ ទៅស្វាយជ្រុំ​-អរិយក្សត្រ និងនៅតាមដងទន្លេមេគង្គក្រោម តំបន់ក្តីតាកុយ។

ស្ពានថ្មីទាំង ២ខ្សែនេះ នឹងបំពេញនូវចន្លោះខ្វះខាត នៃផ្លូវខ្សែក្រវ៉ាត់ក្រុងភ្នំពេញ ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចធ្វើចរាចរបាន ដោយពុំចាំបាច់ចូលក្រុងនោះឡើយ។

បច្ចុប្បន្ន គម្រោងស្ពាននេះ កំពុងស្ថិតក្រោមការសិក្សា និងកំពុងរកប្រភពថវិកា ហើយរដ្ឋាភិបាល នឹងធ្វើជូនប្រជាពលរដ្ឋជាដាច់ខាត៕

 

មតិយោបល់