Post News Media អចលន​ទ្រព្យ ស្ពានទន្លេកោះ...

ស្ពានទន្លេកោះប៉ែន ស្នាដៃកូនខ្មែរសុទ្ធសាធ នឹងចំណាយថវិការដ្ឋដោយផ្ទាល់ ១៣លានដុល្លារ

កាលពីព្រឹកមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ស្ពានឆ្លងទន្លេទៅកោះប៉ែន ស្ថិតនៅក្នុងភូមិកំពង់ត្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ស្ពានកោះប៉ែននេះ ត្រូវបានសាងសង់ដោយកូនខ្មែរសុទ្ធសាធដែលប្រើថវិកាផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជាប្រមាណ ១៣លានដុល្លារអាមេរិក។

ស្ពានកោះប៉ែន គឺបានចាប់ផ្តើមសាងសង់កាលពីខែឧសភា ឆ្នាំ២០១១ ដែលមានបណ្តោយ ៧៧៩ម៉ែត្រ ទទឹង ៩,២ម៉ែត្រ និងកម្ពស់ពី ២៣ ទៅ ២៤ម៉ែត្រ។

ស្ពាននេះឆ្លងកាត់ទន្លេមេគង្គពីភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ទៅកាន់កោះកំពង់ត្រុំ ក្នុងភូមិសាស្ត្រឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ស្ពាននេះ ជាចំណងដៃដ៏ពិសិដ្ឋសម្រាប់បងប្អូនប្រជាពលរដ្ឋប្រមាណជា ២ម៉ឺនគ្រួសារនៅលើប្រជុំកោះដូចជាកោះប៉ែន, កោះមិត្ត និង កោះត្រុំជាដើម សម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូន ដែលពីមុនមកពួកគាត់ ត្រូវធ្វើដំណើរដោយឆ្លងទូកដ និងឆ្លងសាឡាង។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយជាខ្លាំង និងអបអរសាទរចំពោះសមិទ្ធផល”ស្ពានកោះប៉ែន” ដែលបានសាងសង់ឡើងដោយស្នាដៃកូនខ្មែរ និងប្រើប្រាស់ដោយថវិការាជរដ្ឋាភិបាលដោយផ្ទាល់។

នេះជាសមិទ្ធផលថ្មីមួយទៀតក្នុងចំណោមសមិទ្ធផលនានាជាច្រើនដែលរាជរដ្ឋាភិបាលកសាងជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស។

ចាប់ពីពេលនេះតទៅ នៅពេលដែលកម្ពុជា មានប្រាក់គ្រប់គ្រាន់ហើយ គឺអាចសាងសង់ស្ពានឆ្លងទន្លេដោយខ្លួនឯងបានហើយ។

នៅពេលខាងមុខនេះ កម្ពុជានឹងសាងសង់ស្ពានជាច្រើនឆ្លងកាត់ទន្លេជាច្រើនទៀតដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

តាមរយ:ស្ពាននេះ លោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋទាំងអស់នឹងមិនមានការលំបាកដូចកាលពីមុនទៀតទេ ពីព្រោះការពីមុនពេលគាត់ឆ្លងកាត់ស្ពានប្ញស្សី គឺមនុស្សឆ្លងម្នាក់ត្រូវអស់៥០០ រៀល, ម៉ូតូមួយ ១៥០០រៀល, ឡានតូច ២០,០០0 រៀល និងឡានដឹកសព ១៥០ ដុល្លារ ប៉ុន្តែចាប់ពីពេលនេះតទៅបងប្អូនប្រជាពលរដ្ឋមិនអស់ប្រាក់ទៀតទេ គឺទាំងការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញផ្សេងៗ។

ជាពិសេសជាងនេះទៀត គឺក្រោយពេលមានស្ពាននេះហើយ តំបន់កោះប៉ែននឹងទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀត ព្រោះតំបន់នេះគឺជាកន្លែងទាក់ទាញទេសចរណ៍ស្រាប់។ សូមភ្ញៀវជាតិ និងអន្តរជាតិបន្តមកលេងកម្សាន្តនៅតំបន់កោះប៉ែន ព្រោះពេលនេះមានស្ពានឆ្លងទន្លេហើយ៕

Loading...