អចលន​ទ្រព្យ

អគារភ្លោះកម្ពស់កប់ពពក របស់កម្ពុជា ចាប់ផ្តើមបើកការដ្ឋានហើយ

គម្រោងសាងសង់អគារភ្លោះកម្ពស់ ១៣៣​ជាន់ ឬមានឈ្មោះថា អគារភ្លោះមជ្ឈមណ្ឌលពាណិជ្ជកម្ម ថៃ ប៊ុនរ៉ុង ចាប់ផ្តើមបើកការដ្ឋានជញ្ជាំងបេតុងទប់ដីជាផ្លូវការ នៅថ្ងៃនេះហើយ។ នេះបើយោងតាមការឲ្យដឹងពី លោក ទួស សាភឿន អគ្គលេខាធិការរងគណ:ស្ថាបត្យករកម្ពុជា ប្រមាណជាកន្លះម៉ោងមុននេះ។

លោក ទួស សាភឿន អគ្គលេខាធិការរងគណ:ស្ថាបត្យករកម្ពុជា និងជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបនៃ ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង បានដឹងថា នៅព្រឹកមិញ គឺមាន ពិធីបញ្ចុះបឋមសិលាបួងសួងសុំសេរីសួស្តី ពីម្ចាស់ទឹកម្ចាស់ដី នៃគម្រោងសាងសង់ ជាព្រឹត្តការណ៍បើកការដ្ឋានដំបូង សម្រាប់ការដ្ឋានគម្រោងជញ្ជាំងបេតុងទប់ដី ដើម្បីធ្វើគ្រឹះបង្ការកុំឲ្យមានការបាក់ច្រាំង នៅពេលការចាប់ផ្តើមសាងសង់សំណង់អាគារ។

គម្រោង«មជ្ឈមណ្ឌលពាណិជ្ជកម្ម ថៃប៊ុនរ៉ុង» សាងសង់នៅលើផ្ទៃដីទំហំ ៤៩,៧៣២ម៉ែត្រក្រឡា ដែលមានកម្ពស់ ៥៦១.៧ម៉ែត្រ បើគិតបញ្ចូលទាំងកម្ពស់អង់តែន ២៥ម៉ែត្រទៀត គឺមានកម្ពស់រហូតដល់៥៨៦.៧ម៉ែត្រឯណោះ។

មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកនេះ រួមបញ្ចូលនូវសណ្ឋាគារកម្រិតផ្កាយ៥ ខុនដូប្រណីត អាផាតមិន ការិយាល័យលំដាប់អន្តរជាតិ ផ្សារទំនើបចម្រុះ ភោជនីយដ្ឋាន និងសេវាកម្មកម្សាន្តលំដាប់ពិភពលោកជាច្រើនកន្លែង និងកន្លែងទេសចរណ៍គយគន់ទេសភាពរាជធានីភ្នំពេញ។

គម្រោងនេះមានចំណតរថយន្តចំនួន ៣៨០០គ្រឿង និងម៉ូតូចំនួន ៣០០០គ្រឿង នៅក្រោមដីចំនួនពីរជាន់ សម្រាប់អ្នកចូលមកប្រើប្រាស់អគារនេះ។

នៅពេលអគារមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកនេះសាងសង់ចប់ នឹងក្លាយជានិម្មិតរូបនៃការអភិវឌ្ឍជាតិមុខមាត់របស់ប្រទេសកម្ពុជាទាំងមូល និងជាពិសេសបានលើកតំលៃកិត្យានុភាពសម្រាប់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ដែលជាប្រទេសធ្លាប់មានអរិយ្យធម៏ខ្ពង់ខ្ពស់។

វាមិនត្រឹមតែជាមោទនភាពសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវានឹងទាក់ទាញក្រុមហ៊ុនលំដាប់អន្តរជាតិធំៗ ឲ្យ0ចូលមកប្រទេសកម្ពុជាកាន់តែច្រើនថែមទៀត ព្រោះបច្ចុប្បន្ននេះកម្ពុជាមិនទាន់មានការិយាល័យលំដាប់ពិភពលោក ដែលអាចទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗមកបើកការិយាល័យនៅរាជធានីភ្នំពេញបានច្រើននៅឡើយ។

អគារខ្ពស់កប់ពពកនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន ថៃ​ ប៊ុនរ៉ុង និងក្រុមហ៊ុនសហវិនិយោគចិនក្រោមទុន ប្រមាណជា ៣ពាន់លានដុល្លារអាមេរិក ហើយចំណាយពេលសាងសង់ប្រមាណ ៥ឆ្នាំ៕

ចាប់ពីជាន់ទី ១ ដល់ជាន់ទី ១៣៣ នៃអគារភ្លោះខ្ពស់បំផុតនៅកម្ពុជា មានមុខងារអ្វីខ្លះ?

 

មតិយោបល់