Post News Media អចលន​ទ្រព្យ ស្ពានអាកាសផ្ស...

ស្ពានអាកាសផ្សារដីហុយ គ្រោងដាក់ដំណើរការជាបណ្តោះអាសន្ន នាឱកាសបុណ្យចូលឆ្នាំខ្មែរ

មន្រ្ដីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ស្ពានអាកាសស្តុបផ្សារដីហុយ ដែលជាស្ពានអាកាសទី៥ នៅក្នុងរាជធានីភ្នំពេញ គ្រោងនឹងដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។

​ឯកឧត្តម នូ វឌ្ឍន: អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស និងជាអ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ប្រាប់ឱ្យ AKP ដឹងថា ការដាក់ឱ្យដំណើរការជាបណ្តោះអាសន្ននេះ គឺដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍របស់ ប្រជាពលរដ្ឋនៅក្នុងអំឡុងពិធីបុណ្យ ចូលឆ្នាំខ្មែរខាងមុខនេះ។

ប៉ុន្ដែបើទោះបីយ៉ាងណាក្ដី ស្ពានអាកាសស្តុបផ្សារដីហុយនេះ នឹងផ្អាកដំណើរការឡើងវិញ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរត្រូវបានបញ្ចប់ ដើម្បីឱ្យក្រុមបច្ចេកទេស បញ្ចប់ការសាងសង់ ហើយក្រុមការងារបច្ចេកទេស ត្រូវការពេលយ៉ាងហោចណាស់ ក៏ពីរខែទៀតដែរ ក្រោយពិធីបុណ្យចូលឆ្នាំខ្មែររួច ដើម្បីរៀបចំបង្ហើយ ការងារដែលនៅសល់។

ទន្ទឹមនេះ អ្វីដែលជាបញ្ហាដែលធ្វើឱ្យដំណើរការសាងសង់ មានភាពយឺតយ៉ាវនោះ គឺដោយសារតែ ការដកខ្សែចម្លងតុងស្យុងកាត់ទទឹងស្ពានអាកាស មិនទាន់ដោះស្រាយបានលឿន និងរួចរាល់នៅឡើយ។

​ស្ពានអាកាសទី៥ នៅស្តុបផ្សារដីហុយមកដល់ពេលនេះ សម្រេចបានប្រមាណជិត ៩០ភាគរយហើយ ខណ:ដែលសំណង់ខាងក្រោមសម្រេចបាន ១០០ភាគរយ តែការងារនេះនៅតែបន្ដខិតខំពន្លឿនឱ្យបានបញ្ចប់នៅពាក់កណ្ដាលឆ្នាំ ២០១៨នេះ ដោយ សារតែតួស្ពានទាំងមូលមិនទាន់បានភ្ជាប់ទាំងស្រុងនៅឡើយ។

លោក សាំ ពិសិដ្ឋ បន្តថា បើតាមគម្រោងត្រូវបញ្ចប់នៅបំណាច់ខែធ្នូ ឆ្នាំ២០១៧ ហើយភាពយឺតយ៉ាវនេះ បណ្តាលមកពីខ្វះសម្ភារ គ្រឿងសំណង់ ឧបករណ៍ប្រើប្រាស់ ការដោះស្រាយផលប៉ះពាល់បណ្ដាញអគ្គិសនី និងរួមទាំងទីតាំងតូចចង្អៀតផងដែរ។

​ស្ពានអាកាសស្តុបផ្សារដីហុយ ស្ថិតនៅប្រសព្វរវាងមហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវហាណូយ ជាគម្រោងហិរញ្ញប្បទានរបស់ប្រទេសចិន និងទទួលបានសិទ្ធិសាងសង់ដោយក្រុមហ៊ុនសៀងហៃ ហើយត្រួតពិនិត្យបច្ចេកទេសដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន។

គួរបញ្ជាក់ដែរថា បច្ចុប្បន្ន រាជធានីភ្នំពេញមានស្ពានអាកាសចំនួន ៤ គឺស្ពានអាកាសតិចណូ ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសពេទ្យលោកសង្ឃ និងស្ពានអាកាសស្ទឹងមានជ័យ ហើយស្ពានអាកាសចោមចៅ គ្រោងនឹងសាងសង់ក្នុងពេលឆាប់ៗខាងមុខ៕

Loading...