អចលន​ទ្រព្យ

ផ្លូវជាតិលេខ១១ ប្រវែង ៩៦គ.ម. តភ្ជាប់ពីអ្នកលឿង ទៅកាន់ ខេត្តត្បូងឃ្មុំ

នៅព្រឹកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់ឡើងវិញផ្លូវជាតិលេខ១១ និងផ្លូវវាងប្រវែងសរុប ៩៦.៤៨គីឡូម៉ែត្រ ដែលមានតម្លៃជាង ៩៤លានដុល្លារអាមេរិក តភ្ជាប់ពីអ្នកលឿង ទៅកាន់ខេត្តត្បូងឃ្មុំ។

គម្រោងសាងសង់ឡើងវិញផ្លូវជាតិលេខ១១ និងផ្លូវវាងនេះចាប់ពីអ្នកលឿងចំណុចប្រសព្វផ្លូវជាតិ លេខ១ ស្ថិតនៅភូមិលេខ៤ ឃុំព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង ចំណុចប្រសព្វផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្នុងនោះប្រវែងផ្លូវជិត ៦៩គីឡូម៉ែត្រ ស្ថិតក្នុងទឹកដីនៃខេត្តព្រៃវែង និងប្រវែងជាង ២២គីឡូម៉ែត្រ ស្ថិតនៅក្នុងទឹកដី នៃខេត្តត្បូងឃ្មុំ។

តាមរយ:ផ្លូវនេះនឹងបានរួមចំណែកយ៉ាងសំខាន់ជួយដល់ប្រជាពលរដ្ឋទាំងខេត្តព្រៃវែង ត្បូងឃ្មុំ និងបណ្តាខេត្តផ្សេងទៀតដែលត្រូវធ្វើដំណើឆ្លងកាត់។

សម្តេចតេជោ បានអរគុណយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលចិនដែលជានិច្ចកាលតែងតែជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា។

ប្រទេសចិនមិនត្រឹមតែអភិវឌ្ឍន៍ខ្លួនឯងឲ្យបានរីកចម្រើនប៉ុណ្ណោះទេ តែចិនក៏បានចូលរួមចំណែកជួយអភិវឌ្ឍន៍ប្រទេសជិតខាងមួយចំនួនផងដែរ ជាក់ស្តែងដូចប្រទេសកម្ពុជាយើង។

រហូតមកដល់ពេលនេះ ប្រទេសចិនបានផ្តល់ជំនួយក្នុងការសាងសង់ស្ពានដល់កម្ពុជាចំនួន ៧ រួចមកហើយ ដែលចំណាយអស់ទឹកប្រមាណជាង ២១៦លានដុល្លារអាមេរិក និងកំពុងសាងសង់ស្ពានមួយទៀត ដែលត្រូវឆ្លងពីស្រុងស្ទឹងត្រង់ ទៅស្រុកក្រូចឆ្មា ដែលបានបើកការដ្ឋានសាងសង់កាលពីខែមុន។

ពេលដែលផ្លូវជាតិលេខ ១១នេះ ត្រូវបានសាងសង់រួចរាល់ហើយនោះ គឺនឹងបានបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋមិនត្រឹមតែអ្នកដែលរស់នៅក្នុងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំប៉ុណ្ណោះនោះទេ តែផ្លូវជាតិនេះ ក៏បានផ្សារភ្ជាប់ទៅផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៨ និងភ្ជាប់ទៅកាន់ស្ពានដែលកំពុងសាងសង់ក្នុងខេត្តកំពង់ចាម គឺពីស្រុកស្ទឹងត្រង់ ទៅស្រុកក្រូចឆ្មា ផងដែរ ដែលនឹងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរជាងមុន៕

មតិយោបល់